ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះតារាសម្ដែងប្រុសរូបសង្ហាលោក Songkrarn Taechanarong  បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានបង្ហាញនូវរូបភាពស្ថិតនៅក្នុងបន្ទប់ ICU ហាក់ដូចជាកំពុងតែសម្រាកព្យាបាលជំងឺ ឬក៏របួសធ្ងន់អ្វីមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ទាក់ទងនងនឹងស្ថានភាពរបស់លោក Songkrarn បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ និងមានចម្ងល់ជាខ្លាំងចំពោះរូបលោក ដោយមានមហាជនជាច្រើនបានចោទសួរទៅកាន់តារាប្រុសរូបនេះអំពីមូលហេតុនៃការចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យ ព្រមទាំងស្ថិតក្នុងបន្ទប់ ICU បែបនេះ។ ក្រោយពីមានការសួរនាំជាច្រើនពីសំណាក់មហាជនរួចមក លោក Songkrarn ក៏បានធ្វើការបកស្រាយជាសាធារណៈថាមូលហេតុការចូលសម្រាកក្នុងមន្ទីរពេទ្យនេះបណ្ដាលមកពីលោកបានជួបនូវឧបទ្ទេវហេតុគ្រោះថ្នាក់ ខណៈពេលលោកកំពុងជិះកង់ប្រណាំងជាមួយក្រុមមិត្តភ័ក្តិជាច្រើននាក់ផ្សេងទៀតនៅតំបន់ភ្នំដ៏ធំមួយ ស្រាប់តែបានជ្រុលទៅបុកជាមួយរថយន្តដឹកដីដែលគេបានចតទុកចោលពេញមួយទំហឹង​ រហូតបណ្ដាលឱ្យតារាប្រុសរូបនេះមានរបួសយ៉ាងដំណំ និងត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីមានហេតុការណ៍នេះរួចមក លោកបានសម្រាកព្យាបាលនៅទីនេះអស់រយៈពេល៧ថ្ងៃហើយ ប៉ុន្តែនៅតែមានស្នាមជាំនៅលើផ្ទៃមុខ និងនៅរបួសមួយចំនួនទៀតដែលមិនទាន់បានជាសះស្បើយនៅឡើយទេ។

ទោះជាយ៉ាងណាក្រោយពីដឹងមូលហេតុនេះហើយបានធ្វើឱ្យហ្វេនៗអ្នកគាំទ្រគ្រប់ជាច្រើនមានក្ដីបានរម្ភ ព្រមទាំងបានជូនពរឱ្យតារាប្រុសយើងឆាប់ជាសះស្បើយក្នុងពេលឆា​ប់ខាងមុខនេះ៕ ប្រភព៖ ​Khaosod