ប្រទេសថៃ៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះបុរសជនជាតិថៃម្នាក់បានធ្វើឱ្យមហាជនអ្នកលេងក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបុរសរូបនេះបានចូលរោងការ និងបានរៀបការជាមួយកូនក្រមុំយ៉ាងស្រស់ស្អាតរហូតដល់ទៅបីនាក់ពិតជាគួរឱ្យច្រណែនជាខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook ។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានគេដឹងថាស្ថិតក្នុងខេត្ត Nonthaburi ប្រទេសថៃ ដោយកូនកំលោះមានឈ្មោះ Suparerk Chancherdsak  មានវ័យ៣៥ឆ្នាំ ដែលលោកគឺជាគ្រូពេទ្យបុរាណព្យាបាលជំងឺក្នុងភូមិម្នាក់យ៉ាងជំនាញ ក្នុងនោះលោកមានប្រពន្ធម្នាក់ឈ្មោះថា Nocharin Phankah មានវ័យ៣០ឆ្នាំ រួមរស់ជាមួយគ្នាបាន១៦ឆ្នាំមានកូន៤នាក់ ក្រោយមកគាត់ក៏បានយកប្រពន្ធទីពីរឈ្មោះថា Phigha Sorsirerngchai មានវ័យ៣៥ឆ្នាំបានរយៈពេល៩ឆ្នាំ និងមានកូន៤នាក់ដូចគ្នា និងក្រោយមកទៀតក៏យកប្រពន្ធទីបីមួយទៀតឈ្មោះថា Subkawinthida មានវ័យ៣១ឆ្នាំរួមរស់ជាមួយគ្នាបាន៧ឆ្នាំ ព្រមទាំងមានកូនម្នាក់ផងដែរ។

គួរបញ្ចាក់ផងដែរថាប្រពន្ធទាំងបីនាក់នោះសុទ្ធសឹងតែមិនទាន់បានរៀបការជាមួយលោក Suparerk Chancherdsak ស្របច្បាប់នោះទេ ទើបប្រពន្ធទាំងបីនាក់នោះបានព្រមព្រៀងគ្នាក្នុងការប្រារព្ធពិធីរៀបការនេះឡើងស្របទៅតាមប្រពៃណីព្រមគ្នាក្នុងថ្ងៃតែមួយ ណាមួយចង់បង្កើតបរិយាកាសឱ្យកាន់តែប្លែក ទើបសម្រេចប្រមូលប្រាក់គ្នាម្នាក់ប្រហែល២ពាន់ដុល្លារជាង ដើម្បីរៀបចំពិធី ដោយប្រពន្ធល្អទាំងនោះមិនបានយកលុយរបស់ស្វាមីមកធ្វើនោះទេ ព្រោះយល់ថាប្ដីខ្លួនមានបន្ទុកច្រើនរួចទៅហើយសម្រាប់គ្រួសារ និងកូនៗជាច្រើននាក់។

បន្ថែមពីនោះការរៀបការមួយនេះពួកគេទាំងបីក៏ចង់បញ្ជាក់ផងដែរថាវាជាអារម្មណ៍ដែលចង់ឱ្យគ្រួសាររួបរួមគ្នា ​ចេះស្រឡាញ់គ្នា និងចាត់ទុកគ្នាដូចជាបងប្អូនគ្មានការច្រណែន គ្មានការប្រច័ណ្ឌចំពោះគ្នា ដោយសារតែបែបនេះហើយទើបគ្រួសារមួយនេះមិនមានការឈ្លោះប្រកែកគ្នារហូតដល់មានការលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕ Sanook