ភាពអស្ចារ្យនៃវិហារគ្រោងឆ្អឹង Capela dos Ossos នៅទីក្រុង Evora ប្រទេសព័រទុយហ្គាល់ ដែលជាកន្លែងមួយដ៏អស្ចារ្យ និងមានភាពព្រឺព្រួច ព្រោះផ្ទៃខាងក្នុងត្រូវបានគេតុបតែងដោយគ្រោងឆ្អឹងមនុស្សជាង ៥០០០នាក់។

Capela dos Ossos គឺជាវិហារតូចមួយដែលមានទីតាំងស្ថិតនៅទីក្រុងនៃបេតិកភណ្ឌពិភពលោកនៅភាគខាងត្បូងនៃប្រទេសព័រទុយហ្គាល់ ប្រាសាទនេះល្បីល្បាញទូទាំងពិភពលោក ហើយក្លាយជាទីកន្លែងមួយដែលបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី តែងតែទៅទស្សនាដោយផ្ទាល់ភ្នែកនូវទិដ្ឋភាពដ៏គួរឱ្យខ្លាច និងគួរឱ្យរន្ធត់ នៅក្នុងស្ថាបត្យកម្មដ៏អស្ចារ្យដែលមានគ្រោងឆ្អឹងមនុស្សរាប់ពាន់នាក់ដាក់តម្រៀបគ្នាជាជួរស្កេកស្កះពេញទាំងប្រាសាទ អស់រយៈពេលជិត៤០០ឆ្នាំមកហើយ។
មូលហេតុដែលមានគ្រោងឆ្អឹងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយសារតែកាលពីសតវត្សរ៍ទី១៦ ទីក្រុង Evora មានគម្រោងកែលម្អទឹកដីឱ្យមានភាពរីកចម្រើន ហើយផ្នូរចំនួន ៤៣ កន្លែងនៅទូទាំងទីក្រុងក៏នឹងត្រូវបានសម្អាតផងដែរ ដូច្នេះពួកគេមិនចង់ឱ្យព្រលឹងនៃអ្នកស្លាប់ ត្រូវបានគេប្រមាថ ទើបបានសម្រេចចិត្តប្រមូលឆ្អឹងទាំងអស់ទៅកន្លែងសមរម្យមួយ ក្នុងនោះបព្វជិតជាច្រើន នៃប្រទេសព័រទុយហ្គាល់ ក៏បានគិតយកឆ្អឹងទាំង ៥០០០ នាក់នោះ មកតុបតែងផ្នែកខាងក្នុងនៃព្រះវិហារសហគមន៍ Capela dos Ossos មួយនេះ ដើម្បីឱ្យមនុស្សដឹងពីតម្លៃនៃជីវិត និងការចាកចេញ ថាគ្មាននរណាម្នាក់អាចគេចផុតឡើយ ដោយមានសរសេរជាពាក្យស្លោកមួយចំនួនទាក់ទងនឹងជីវិត គោលបំណងប្រាប់អ្នកដំណើរទាំងអស់ឱ្យដឹងថាជីវិតជាច្រើនបានបាត់បង់ជារៀងរាល់ថ្ងៃ ហើយពិចារណាខ្លួនឯងថានៅទីបញ្ចប់មិនថាយើងឬក៏គេ មនុស្សគ្រប់រូបមានផ្លូវចុងក្រោយដូចគ្នា៕ ប្រភព៖ Kapook