ប្រទេសថៃ៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ រដ្ឋបាលចំណីអាហារ និងឱសថ សហការជាមួយការិយាល័យសុខភាពសាធារណៈ ខេត្តក្នុងប្រទេសថៃ បានធ្វើការចុះត្រួតពិនិត្យ និងតាមដានផលិតផល មួយចំនួនដូចជាសាច់ក្រក ប្រហិតសាច់គោ និងប្រហិតសាច់ជ្រូក នៅតាមខេត្តជាច្រើន ដូចជាខេត្ត រ៉ាក់យ៉ង និង ខេត្តសាមុតសាខុនជាដើម ដោយក្នុងនោះការិយាល័យសុខភាពបានរកឃើញផលិតផលប្រហិតគ្មានគុណភាព និងបានផ្ដល់ផលប៉ះពាល់សុខភាពជាច្រើនប្រភេទ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។

ផលិតផលប្រហិតគ្មានគុណភាពនេះត្រូវបានរកឃើញដាក់លក់នៅគ្រប់ហាងលក់ប្រហិតជាច្រើន បន្ទាបពីអាជ្ញាធរចុះទៅដល់ហាងទាំងអស់នោះហើយក៏ចាប់ផ្ដើមធ្វើការត្រួតពិនិត្យ ក្នុងនោះលទ្ធផលនៃការវិភាគ គេបានបង្ហាញថាសារធាតុរក្សាទុកផលិតផលប្រហិតទាំងនោះបានប្រើលើសកម្រិតស្ដង់ដារ ដែលវាពិតជាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទានជាខ្លាំង។ ក្រោយធ្វើការសាកសួរបន្ថែម អាជីវករបាននិយាយថាពួកគេទិញពីហាងលក់ដុំដ៏ធំមួយក្នុងខេត្ត សាមុត សាខុន។

ដូច្នេះរដ្ឋបាលចំណីអាហារ និងឱសថក៏បានសហការជាមួយការិយាល័យសុខភាពសាធារណៈខេត្តសាមុតសាខុនបន្តទៀត ព្រមទាំងបានទៅត្រួតពិនិត្យនៅទីតាំងផ្ទាល់ បានរកឃើញថាផលិតផលនេះត្រូវបានទទួលពីក្រុមហ៊ុនផលិតឈ្មោះ Khun Pik ហើយលទ្ធផលនៃការត្រួតពិនិត្យបង្ហាញថាក្រុមហ៊ុនមួយនេះគឺ

១.ផលិតដោយគ្មានការអនុញ្ញាត

២.កន្លែងផលិតមិនមានស្តង់ដារ តាមលក្ខណៈវិនិច្ឆ័យ GMP

៣.ការដាក់ស្លាកសញ្ញាមិនស្របច្បាប់

បន្ទាប់ពីការត្រួតពិនិត្យបែបនេះ ការិយាល័យសុខភាពសាធារណៈខេត្ត បានបញ្ជាឱ្យផ្អាកផលិតកម្ម និងចាត់ការតាមច្បាប់ត្រៀមប្រមូលសំណាក សម្រាប់ វិភាគបន្ថែម ហើយ ស្នើឱ្យអ្នកប្រើប្រាស់ទិញសាច់ក្រក ប្រហិតសាច់ក្រក និងប្រហិតសាច់ជ្រូក មានការប្រុងប្រយ័ត្នខ្ពស់ និងគួរតែទិញពីហាងណាដែលអាចទុកចិត្តបាន ចៀសវាងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព៕ ប្រភព៖ Kapook