ពិតណាស់ការធ្វើតេស្តរហ័ស ឬ តេស្ត ATK បានក្លាយជាវិធីមួយដ៏ពេញនិយមសម្រាប់មនុស្សទូទៅក្នុងពិភពលោកក្នុងការស្វែងរកមេរោគកូវីដ-១៩ ដោយខ្លួនឯងយ៉ាងងាយស្រួល ក្នុងនោះក៏មានមនុស្សភាគច្រើនបានធ្វើតេស្តរហ័សនេះមិនក្រោមពី៣ ទៅ៤ដងឡើងទៅនោះទេចាប់តាំងពីជំងឺមួយនេះបានឆ្លងរីករាលដាលពាសពេញពិភពលោក។

ទាក់ទងនឹងជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ការឆ្លងរីករាលដាលក៏នៅតែមានហានីភ័យ ​ដើម្បីបញ្ជៀសនូវការឆ្លងបន្តកាន់តែច្រើន​ ដូច្នេះតម្រូវឱ្យអ្នកគ្រប់គ្នាធ្វើតេស្តរហ័ស បើដឹងថាខ្លួនមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ឱ្យបានទៀងទាត់។ អ្វីដែលសំខាន់ជាងនេះអ្នកគួរតែយល់ដឹងឱ្យបានច្បាស់ទាក់ទងនឹងការធ្វើតេស្ដរហ័សនេះ ប្រសិនបើអ្នកតេស្តហើយស្រាប់តែលោត​មកពីរកាំ តែកាំទីពីរមានលក្ខណៈព្រាលៗ តើនេះជាសញ្ញាថាអ្នកមានឆ្លងនូវជំងឺកូវីដ-១៩ទេ? ហើយត្រូវធ្វើតេស្ដម្ដងទៀតឬអត់?

តេស្តឧបករណ៍រហ័ស ATK មានពីរឆ្នូត តែព្រាលៗ តើអ្នកមានជំងឺកូវីដ១៩ ឬអត់?      

សម្រាប់អ្នកដែលបានធ្វើតេស្តរហ័សដោយខ្លួនឯង ហើយមានពីរឆ្នូត យ៉ាងច្បាស់នោះមានន័យថាអ្នកបានឆ្លងនូវជំងឺកូវីដ-១៩ហើយ ប៉ុន្តែត្រូវប្រាកដថាអ្នកប្រើឧបករណ៍តេស្ត ATK មានស្តង់ដា និងធ្វើតាមការណែនាំបានត្រឹមត្រូវ។

ប៉ុន្តែនៅពេលអ្នកត្រួតពិនិត្យហើយស្រាប់តែឃើញពីរឆ្នូតដូចគ្នា តែកាំទីពីរមានលក្ខណៈព្រាលៗស្តើង​ ទាក់ទងនិងបញ្ហានេះគេក៏បានធ្វើការពន្យល់ដោយផ្អែកទៅលើក្រុមមនុស្សទាំងពីរប្រភេទនេះ

១.សម្រាប់មនុស្សដែលមិនមានហានិភ័យ

ក្នុងករណីដែលមិនមែនជាក្រុមមនុស្សមានហានិភ័យ ប៉ុន្តែការធ្វើតេស្ដ ATK បានបង្ហាញចេញមកនូវចំនួន២ឆ្នូត ដូច្នេះអ្នកគួរតែធ្វើតេស្ត ATK ដោយខ្លួនឯងម្ដងទៀតជាបន្ទាន់ដើម្បីឱ្យប្រាកដចិត្ត ព្រោះអាចថាក្នុងអំឡុងពេលធ្វើតេស្ត ATK ដំបូងមានការចម្លងរោគពីផ្ទៃនៃឧបករណ៍ធ្វើតេស្តដែលត្រូវបានដាក់មក ឬអាចមានមេរោគឆ្លងពីដៃដែលមិនបានលាងសម្អាតឱ្យបានហ្មត់ចត់មុនពេលធ្វើតេស្ត។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការធ្វើតេស្ត ATK ទីពីរ លទ្ធផលអវិជ្ជមានជាមួយនឹងបន្ទាត់ឆ្នូតតែមួយអ្នកអាចនឹងមិនមានជំងឺកូវីដប្រាកដមែន  ប៉ុន្តែវាអាចទៅរួចដែលអ្នកប្រហែលជាបានឆ្លងមេរោគ ប៉ុន្តែចំនួនបាក់តេរីនៅក្នុងខ្លួននៅតែមានកម្រិតទាប នេះក៏អាចផ្តល់ផលអវិជ្ជមានមិនពិតផងដែរ ដូច្នេះដើម្បីសុវត្ថិភាព ប្រសិនបើអ្នកមិនប្រថុយនឹងការរីករាលដាលមេរោគទៅនរណាម្នាក់ទេ អ្នកគួរតែនៅដាច់ដោយឡែក ហើយរង់ចាំការធ្វើតេស្ត ATK ម្តងទៀត ៣ ទៅ ៥ ថ្ងៃក្រោយ។

២. សម្រាប់មនុស្សដែលមានហានិភ័យខ្ពស់        

ក្នុងករណីអ្នកប្រាកដថាបាននៅក្បែរយ៉ាងស្និទ្ធស្នាលជាមួយនរណាម្នាក់ដែលមានជំងឺនេះ ឬទៅកន្លែងដែលមានហានិភ័យខ្ពស់ និងមានការសង្ស័យអំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន ទោះបីជាវាគ្រាន់តែជារោគសញ្ញាតូចតាចក៏ដោយ ប្រសិនបើការធ្វើតេស្ត ATK បង្ហាញចំនួន ២ ឆ្នូតព្រាលៗ សូមណែនាំឱ្យអ្នកធ្វើតេស្តនៅម៉ាស៊ីនធំ RT-PCR ម្តងទៀតដើម្បីរកមើលមេរោគឱ្យកាន់តែច្បាស់ និងប្រាកដចិត្ត នេះគឺដោយសារតែការធ្វើតេស្ត ATK មិនត្រឹមត្រូវ ១០០ភាគរយដោយសារតែកត្តាផ្សេងៗ៕ ប្រភព៖ Kapook