ពិតណាស់ទស្សនិកជនដែលធ្លាប់ទស្សនាខ្សែភាពយន្តបុរាណចិន ប្រាកដជាបានស្គាល់ហើយនូវតួអង្គអធិរាជស្រី អ៊ូ ម៉ីនាង ដែលគេដាក់រហស្សនាមថា ជាមនុស្សស្រីដ៏អស្ចារ្យបំផុត ទាំងស្អាត ឆ្លាត ពូកែ តែក៏ជាមនុស្សស្រីពិសពុល និងគ្មានមេត្តាផងដែរ ។ ដូច្នេះថ្ងៃនេះដែរ KBN សូមបើកកកាយពីប្រវត្ថិដ៏ព្រឺព្រួចរបស់អធិរាជស្ដេចស្រី អ៊ូ ម៉ីនាង ដូចខាងក្រោម ៖

Wu Zetian (វូ សឺធាន) ត្រូវបានគេស្គាល់ជាទូទៅថាគឺជា ម្ចាស់ក្សត្រី អ៊ូម៉ីនាង សោយរាជ្យសម្បត្តិនៅគ.ស ឆ្នាំ 665 និងពង្រឹងអំណាចរហូតដល់ថ្ងៃនាងរលត់ជីវិតក្នុងឆ្នាំ 705 ។ អធិរាជស្រីដ៏មានឥទ្ធិពលរូបនេះ បានប្រសូត្រនៅថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 624 ក្នុងគ្រួសារអភិជនមួយ នៅតំបន់ Wenshui (វិនសួយសៀន) ដែលបច្ចុប្បន្នតំបន់នេះបានក្លាយជាផ្នែកមួយនៃទីក្រុង Taiyuan (ថៃយៀនសឺ) ខេត្តសានស៊ី ប្រទេសចិន។ ឳពុក ម្ចាស់ក្សត្រី អ៊ូម៉ីនាង ឈ្មោះ Wu Shiyue ជាអ្នកជំនួញឈើដ៏ល្បីល្បាញក្រោយមកគាត់បានក្លាយជារដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងម្ដាយត្រូវបានគេហៅឈ្មោះថា ស្ត្រី យ៉ាង ព្រោះមកពីគ្រួសារត្រកូល យ៉ាង ដ៏មានអំណាចមួយ ។
ម្ចាស់ក្សត្រី អ៊ូម៉ីនាង គឺជាកូនទី3 ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន 5 នាក់ក្នុងនោះមាន ស្រី 3 នាក់ និងប្រុស 2 នាក់ ។The 10 Most Famous Chinese Empresses | ChinaWhisper

ដោយសារតែបានធំធាត់នៅក្នុងគ្រួសារវណ្ណៈអភិជន ទើប អ៊ូម៉ីនាង តែងតែត្រូវបានឪពុករបស់នាងលើកទឹកចិត្តឱ្យអានសៀវភៅ និងបន្តការសិក្សាបានយ៉ាងល្អ ទាំងអក្សរសាស្ត្រ កំណាព្យ និងតន្ត្រីផងដែរ ។ ឳពុករបស់នាង តែងតែសង្ឃឹមថា កូនស្រីរបស់គាត់នឹងបានទទួលការអប់រំល្អ និងមានចរឹកល្អដាច់គេក្នុងចំណោមស្ត្រីទាំងអស់ក្នុងសម័យនោះ ។

ឈានចូលមកដល់វ័យ19 ឆ្នាំ នាងត្រូវបានគេយកទៅធ្វើជាស្នំឯករបស់អធិរាជ Taizong (ថាងថៃជុង) នៃ រាជវង្ស Tang (ថាង)។ កាលនោះមានរឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុត ព្រោះពេលដែល អ៊ូម៉ីនាង កោះហៅទៅព្រះបរមរាជវាំង ម្តាយ របស់ នាងបាន យំ អាណិតកូនយ៉ាងខ្លាំង ដោយនិយាយលា ទៅកាន់កូនស្រីរបស់ខ្លួនទាំងក្ដីអាណិតអាសូរនិងសោកសង្រេងបំផុត ប៉ុន្តែផ្ទុយទៅវិញបែរជាបានឮកូនស្រីរបស់ខ្លួន តបមកវិញយ៉ាងដូច្នេះថា “តើអ្នកដឹងយ៉ាងដូចម្តេចថាវាមិនមែនជាសំណាងរបស់ខ្ញុំក្នុងការដែលបានជួប ព្រះរាជបុត្រានៃស្ថានសួគ៌?” ដោយពាក្យសម្ដីទាំងអស់នេះ បានធ្វើឱ្យម្ដាយរបស់នាង ឈប់យំភ្លាមៗ ព្រោះគាត់បានយល់ពីមហិច្ឆតារបស់កូនស្រីខ្លួន ក្នុងការពេញចិត្តទៅធ្វើជាស្នំឯកដោយគ្មានចិត្តរារែកបន្តិចឡើយ ។

នៅទីនោះ អ៊ូម៉ីនាង បានក្លាយជាលេខាធិការមួយរូប រួមជាមួយនឹងឱកាសដ៏ពិសេសមួយទៀតដែលអនុញ្ញាតឱ្យនាងបន្តការសិក្សារបស់នាង។ លើសពីនេះទៅទៀតនាងក៏ត្រូវបានគេផ្តល់ងារនាសម័យនោះថា អាណាព្យាបាលអមតៈ ដែលជាឋានន្តរស័ក្តិជាមហេសីឋានៈទីប្រាំ នៅក្នុងរចនាសម្ព័ន រាជវង្ស ថាង ។ យ៉ាងណាមិញ គេក៏បានដឹងបន្ថែមទៀតថា ក្នុងអំឡុងពេលនោះ ស្នំឯក អ៊ូម៉ីនាង បានលួចមានទំនាក់ទំនងស្នេហាជាមួយនឹង បុត្រា អធិរាជ Taizong ឈ្មោះ (Gaozong) ថាងកាវជុង ផងដែរ ។

អ៊ូម៉ីនាងគឺជាមនុស្សស្រីដែលរឹងមាំ ឆ្លាតពូកែ និងមានចិត្តមុះមុតក្លាហានបំផុត ហើយក៏ចិត្តកំណាចខ្លាំងណាស់ដែរ ។ ថ្ងៃមួយ អធិរាជ ថាងថៃជុង បានសាកល្បង ដោយទ្រង់មានសេះមួយក្បាល កម្លាំងខ្លាំង និងមានមាឌធំ គ្មាននរណាម្នាក់អាចឡើងលើខ្នងវាបានទេ។ ពេលនោះ មានតែ អ៊ូម៉ីនាង ម្នាក់ ប៉ុណ្ណោះ ដែលស្ម័គ្រចិត្តក្នុងការល្បងសមត្ថភាពជាមួយសត្វសេះនោះ ដោយនាងបានស្នើសុំទៅកាន់ អធិរាជ ថាងថៃជុង នូវរបស់បីយ៉ាងប៉ុណ្ណោះគឺ ទី1 គឺ រំពាត់ដែក ទី2 ញញួរដែក និងទី3 គឺ ដាវដ៏មុតស្រួចមួយ ដើម ។

អ៊ូម៉ីនាង ថានាងនឹងវាយសេះមួយក្បាលនោះ ដោយរំពាត់ដែកហើយប្រសិនបើវាមិនព្រមចាញ់ក្រាប ទេ នាងនឹងយកញញួរដែកសំពងក្បាលវា ប៉ុន្តែបើវានៅតែ មិនខ្លាចទៀតនោះ នាងនឹងកាត់បំពងកសត្វសេះនោះដោយដាវដ៏មុតស្រួចតែម្ដង ។ ឮបែបនេះហើយព្រះចៅអធិរាជ ថាងថៃជុង ក៏កើតមានចិត្តស្ញើចសរសើរនូវសេចក្តីក្លាហានរបស់ អ៊ូម៉ីនាង រហូតលើកនាង ឱ្យក្លាយជាមហេសីចុងរបស់ទ្រង់ចាប់ពីពេលនោះមក ។

នៅពេលដែលអធិរាជ ថាងថៃជុង បានសោយទិវង្គតនៅឆ្នាំ 649 បុត្រាពៅរបស់ទ្រង់ព្រះនាម Li Zhi (លីហ្ស៊ី) ក៏បានឡើងស្នងរាជ្យបន្តពីទ្រង់ដោយបានប្ដូព្រះនាមជាអធិរាជ Gaozong (ថាងកាវជុង) ។

ការឡើងសោយរាជ្យរបស់អធិរាជ ថាងកាវជុង គឺជាឱកាសល្អរបស់ ស្នំឯក អ៊ូម៉ីនាង ព្រោះគេដឹងថាអ្នកទាំងពីរបានលួចមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពី អធិរាជ ថាងថៃជុង នៅមានព្រះជន្មមកម៉្លេះ ។ ដូច្នេះហើយបន្ទាប់មកទៀត អ្នកម្នាង អ៊ូម៉ីនាង ក៏បានរៀបអភិសេកជាមួយអធិរាជ ថាងកាវជុង ព្រមទាំងបានក្លាយជាមហេសី ដែលមានឋានៈខ្ពស់បំផុតនៃមហេសីទាំងអស់ក្នុងឆ្នាំ 655 នោះផងដែរ ។

កំឡុងឆ្នាំ 660 អធិរាជ ថាងកាវជុង ធ្លាក់ខ្លួនឈឺ ទើបនៅឆ្នាំ 665 ម្ចាស់ក្សត្រី អ៊ូម៉ីនាង ក៏បានក្លាយទៅជាអ្នកគ្រប់គ្រងរាជរង្សនេះបន្ត និងពង្រីកអំណាចរហូតដល់ឆ្នាំ 705 ពោលគឺរហូតដល់ថ្ងៃទ្រង់អស់ជីវិតតែម្ដង។

យោងតាមឯកសារជាច្រើនបានបង្ហាញថា បន្ទាប់ពីបានចូលគ្រប់គ្រងរាជ្យបល្ល័ង ម្ចាស់ក្សត្រី អ៊ូម៉ីនាង មានភាពរហ័សរហួន ត្រូវបានគេចាត់ទុកថាជាស្ត្រីខ្លាំង មានមន្តស្នេហ៍ មានល្បិចកល សងសឹក មហិច្ឆតា និងមានការអប់រំល្អ ទើបជាហេតុធ្វើឱ្យ អ៊ូម៉ីនាង ក្លាយជាអធិរាជស្រី ដ៏មានអំណាច និងមានឥទ្ធិពលបំផុត នៅកំឡុងពេលនោះ ។

យ៉ាងណាមិញ ប្រវត្តិសាស្រ្តក៏បានកត់ត្រាថា បន្ទាប់ពីការសោយទីវង្គត់របស់អធិរាជ ថាងកាវជុង ម្ចាស់ក្សត្រី អ៊ូម៉ីនាង បានប្រើអំណាចផ្ដាច់ការកាន់តែខ្លាំង និងហិង្សាជាងមុន ហើយបានគាបសង្កត់គូប្រជែងរបស់ខ្លួនបានយ៉ាងជោគជ័យដោយភាពឈ្លាសវៃរបស់ទ្រង់ ។

ប្រាំពីរឆ្នាំ បន្ទាប់ពីឡើងសោយរាជ្យក្នុងវង្ស ថាង ទ្រង់ក៏បានវាយដណ្ដើមរាជ្យបល្ល័ង្កពី រាជវង្ស Zhou (ចូវ) និងបង្រួបបង្រួមឱ្យក្លាយជាទឹកដីតែមួយ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ។ ព្រះចៅអធិរាជតែមួយគត់របស់ខ្លួនដែលសោយរាជ្យក្នុងប្រវត្តិសាស្រ្ដចិន។

Wu Zhao Biography: Empress Wu Zetian of Zhou Dynasty (624-705)

ដោយឡែក ក្រៅពីភាពល្បីល្បាញក្នុងស្នាដៃដឹកនាំប្រទេសរបស់ទ្រង់អស់រយៈកាលកន្លងមកនេះ ម្ចាស់ក្សត្រី អ៊ូម៉ីនាង ក៏ត្រូវបានគេដឹងបន្ថែមទៀតផងដែរថា ទ្រង់ ជាមនុស្សដែលមានចិត្តសាហាវឃោរឃៅ និងពិសពុលបំផុតផងដែរ ដោយក្នុងអំឡុងពេលរាជរបស់ទ្រង់ ទ្រង់បានបណ្តេញសាច់ញាតិ ជាច្រើនក្នុងគ្រួសារ របស់ទ្រង់ចេញពីរាជ្យវាំង ព្រមទាំងបានបញ្ជាឱ្យគេសម្លាប់រដ្ឋមន្ត្រី និងមន្ត្រីការិយាល័យធិបតេយ្យស្លូតត្រង់មួយចំនួននៅក្នុងរាជវាំងផងដែរ ។ ជាងនេះទៅទៀត ទ្រង់ក៏បានប្រព្រឹត្តអំពើយ៉ាងឃោរឃៅជាមួយនឹងគូប្រជែងបន្តបន្ទាប់។ ជាងនេះទៅទៀត ក្នុងវ័យចំណាស់របស់ទ្រង់ ទ្រង់ក៏បានលើកតម្កើង ចិញ្ចឹមបីបាច់បុរសវ័យក្មេងៗ ដើម្បីចាំបម្រើតណ្ហាឱ្យទ្រង់ ។

ហើយរឿងដ៏កាន់តែសាហាវព្រៃផ្សៃរជាងនេះទៅទៀតនោះ គឺ ម្ចាស់ក្សត្រី អ៊ូម៉ីនាង បាន សម្លាប់ញាតិវង្ស និងសាច់ឈាមបង្កើតរបស់ខ្លួន ដូចជាប្អូនស្រី និងបងប្រុស សូម្បីតែម្ដាយបង្កើតក៏នាងដាក់ថ្នាំបំពុលឱ្យស្លាប់ដែរ។ យ៉ាងណាមិញ ពុំមានឯកសារច្បាស់លាស់ណាមួយបង្ហាញអំពីមូលហេតុអ្វីបានជា អ៊ូម៉ីនាង ធ្វើរឿងបែបនេះឡើយ អាចមកពីអ្នកទាំងនោះព្យាយាមរាងរាំងសកម្មភាពរបស់នាង ។

ជាងនេះទៅទៀត យោងតាមប្រវតិ្តសាស្រ្ត ក៏បានប្រាប់ឱ្យដឹងផងដែរថា ម្ចាស់ក្សត្រី អ៊ូម៉ីនាង បានវាយកូនស្រីរបស់ខ្លួនឯងដែលទើបតែមានអាយុមួយសប្តាហ៍ រហូតដល់ស្លាប់បាត់បង់ជីវិត ៕