គ្រប់គ្នាច្បាស់ណាស់ពេលដែលខ្ចិលធ្វើម្ហូបតែងតែទាញមីយកមកបរិភោគជំនួសបាយជានិច្ច រហូតវាបានក្លាយជាអាហារដ៏ពេញនិយមមួយសម្រាប់មនុស្សទូទៅ លើសពីនេះគេក៏អាចយកមីមកច្នៃធ្វើជាអាហារដ៏ឆ្ងុយឆ្ងាញ់ជាច្រើនមុខទៀតទៅតាមវិធីផ្សំគ្រឿងលាយបញ្ចូលគ្នាដើម្បីទទួលបាននូវរសជាតិប្លែកថ្មី និងមិនអាចបំភ្លេចបាន។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងពីរបៀបក្នុងការធ្វើមីតុមយាំសាច់ជ្រូកចិញ្ច្រាំមានរសជាតិជាប់ចិត្តឆ្ងាញ់ពិសារ៖

គ្រឿងផ្សំសម្រាប់ធ្វើមីតុមយ៉ាំសាច់ជ្រូកចិញ្ច្រាំ                                                              

១. មីរសជាតិតុមយ៉ាំ ២ កញ្ចប់

២. សាច់ជ្រូកបីជាន់ ១៥០ ក្រាម ចិញ្ច្រាំឱ្យម៉ត់

៣. សណ្ដែកដី ២ស្លាបព្រាបាយ កិនឲ្យម៉ត់

៤. ម្ទេសម៉ដ ១ស្លាបព្រាបាយ

៥. ខ្ទឹមបារាំងហាន់ជាចំណិតៗ ១ស្លាបព្រាបាយ

៦. ម្រេចក្រហមម៉ដ ១ ស្លាបព្រាបាយ

៧. ខ្ទឹមស ១ ស្លាបព្រា

៨. ទឹកក្រូចឆ្មា ១ ស្លាបព្រា

៩. ទឹកត្រី ១ស្លាបព្រាបាយ

១០. បន្លែដែលអ្នកចូលចិត្ត

របៀបធ្វើ មីតុមយ៉ាំជាមួយសាច់ជ្រូកចិញ្រ្ចាំ និងបន្លែ      

ដំបូងយកបន្លែទៅស្រុះក្នុងទឹកពុះ រួចស្រង់យកវាមកត្រាំទឹកត្រជាក់ ដើម្បីជួយរក្សាពណ៌និងភាពរលោង បន្ទាប់មកយកមីតុមយាំមកស្រុះឱ្យល្មម ប្រសិនបើអ្នកចង់ឱ្យសាច់មីទន់ខ្លាំង អាចទុកវាឱ្យយូរបន្ទិច ហើយស្រង់ឡើងមក។

រួចហើយអ្នកយកសាច់ជ្រូកចិញ្ច្រាំមកដាក់ក្នុងទឹកដាំឱ្យពុះ រួចបង់គ្រឿងតុមយ៉ាំចូល ទុកវាឱ្យឆ្អិនសាច់ជ្រូក បន្ទាប់មកបន្ថយភ្លើងបន្តិច រួចហើយដាក់គ្រឿងទេសចូលដូចជា ខ្ទិមបារាំង ខ្ទិមស ម្ទេសម៉ដ ម្រេចក្រហមម៉ដ កូរមួយសន្ទុះ ហើយបិទភ្លើង ថែមទឹកត្រីចូលបន្តិច រួចភ្លក់ ចុងក្រោយអ្នកអាចដាក់មី និង បន្លែដែលបានស្រុះរួចនោះ ដាក់ចូលក្នុងទឹកដែលបានផ្សុំគ្រឿងមុននេះកូរៗបន្តិច​ ច្របាច់ក្រូចឆ្មាចូល នោះអ្នកអាចទទួលទានជាមួយនឹងរសជាតិដ៏ឆ្ងុយឆ្ងាញ់ប្លែកមាត់នេះបានហើយ៕