យល់ដឹង៖ ការគោរព និងផ្ដល់តម្លៃឱ្យខ្លួនឯង គឺជាគំនិតដែលលេចចេញពីក្នុងខ្លួនអ្នកផ្ទាល់ ការឱ្យតម្លៃខ្លួនឯងនេះគឺសំខាន់ណាស់ក្នុងជីវិត ហើយមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ តែងតែមានទស្សនៈសុទិដ្ឋិនិយមចំពោះជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដោយឡែកមនុស្សដែលផ្ដល់តម្លៃឱ្យខ្លួនឯងទាប តែងតែជាមនុស្សគ្មានតម្លៃលើខ្លួនឯង គ្មានមោទនភាព គ្មានទំនុកចិត្តលើខ្លួនឯង មិនតែប៉ុណ្ណោះវាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តទៅថ្ងៃអនាគតបានថែមទៀតផង ។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្វែងយល់ពីខ្លួនឯងថាតើយើងកំពុងតែបន្ទាបតម្លៃខ្លួនឯងឬអត់តាមរយៈសញ្ញាទាំង ៨ ចំណុចនេះ៖

 ១. គ្មានទំនុកចិត្ត

ការមានទំនុកចិត្តដ៏ក្លាហានសម្រាប់មនុស្សប្រភេទនេះគឺពិតជាលំបាកខ្លាំងណាស់​ ពិតណាស់អ្នកមិនស្រួលក្នុងចិត្តនោះទេគ្រប់ពេលដែលចាប់ផ្ដើមធ្វើអ្វីមួយ តែងតែរារែក គិតថាខ្លួនមិនអាចធ្វើបាន និងមិនអាចគ្រប់គ្រងវាបាន រហូតមិនហ៊ានចាប់ផ្ដើមធ្វើរឿងថ្មីៗក្នុងជីវិត។

២. ជារឿយៗប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ

ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ពិតណាស់ពេលខ្លះវាគ្រាន់តែជាការជួយលើកទឹកចិត្តខ្លួនឯង បានមួយគ្រា នៅពេលដែលនឹកគិតថា នឹងធ្វើឱ្យបានដូចគេ ប៉ុន្តែនៅទីបំផុតវាអាចនឹងធ្វើឱ្យយើងមានអារម្មណ៍អាក្រក់ទៅៗចំពោះខ្លួនឯង ព្រោះតែការធ្វើមិនបានល្អឥតខ្ចោះដូចដែលបានគិតទុក។

៣. ចូលចិត្តវិនិច្ឆ័យខ្លួនឯងដោយផ្អែកលើអតីតកាលរបស់ខ្លួន

អ្នកតែងតែវិនិច្ឆ័យខ្លួនឯងដោយផ្អែកលើអតីតកាលថាយើងអាក្រក់បែបនេះ អាក្រក់បែបនោះ ជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងកន្លងមក ហើយអ្នកមិនដែលចាប់ផ្ដើម ឬមានក្ដីសង្ឃឹមថានឹងអាចប្រសើរឡើងជាងនេះនោះទេ។

៤. និយាយបន្ទោសខ្លួនឯង

អ្នកតែងតែបន្ទោសខ្លួនឯងច្រើនជាងការមានមោទនភាពលើខ្លួនឯង ហើយតែងតែរកនឹករឿងរ៉ាវអវិជ្ជមានរបស់ខ្លួន ហើយចាប់ផ្ដើមបន្ទោសអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងខ្លួនអ្នក។

៥. ការភ័យខ្លាចនៃការបរាជ័យ

ដោយសារតែខ្វះទំនុកចិត្តលើខ្លួនឯង ដូច្នេះអ្នកគិតថាខ្លួនឯងមិនអាចធ្វើអ្វីបានដើម្បីទទួលបានជោគជ័យ អ្នកតែងតែខ្លាចថាអ្វីដែលបានធ្វើនឹងបរាជ័យជានិច្ច ជារឿយៗតែងតែបោះបង់ចោលយ៉ាងឆាប់រហ័សដោយមិនព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន។

 ៦. មិនហ៊ានកំណត់ព្រំដែនខ្លួនឯង

មនុស្សគួរតែមានព្រំដែនផ្ទាល់ខ្លួន មានកន្លែងផ្ទាល់ខ្លួនដែលមិនគួរអនុញ្ញាតឱ្យអ្នកដទៃឈ្លានពាន ហួសហេតុពេក មនុស្សដែលផ្ដល់តម្លៃខ្លួនឯងទាបមានទំនោរគិតគូរពីអ្នកដទៃច្រើនហើយអនុញ្ញាតឱ្យអ្នកដទៃធ្វើអ្វីតាមតែចិត្តរបស់គេ អ្នកមិនហ៊ានបដិសេធ អ្នកមិនហ៊ានស្ដីបន្ទោសទោះដឹងថាវាមិនសមរម្យមកកាន់ខ្លួន។

៧. តែងតែរកវិធីដើម្បីពឹងផ្អែកលើអ្នកដទៃ

ជាការពិតណាស់នៅក្នុងជីវិតរបស់យើង មនុស្សយើងមិនអាចធ្វើអ្វីតែម្នាក់ឯងគ្រប់ពេលនោះទេ ប៉ុន្តែមនុស្ស ដែលមានតម្លៃខ្លួនឯងទាប តែងមានទំនោររកវិធីពឹងផ្អែកលើអ្នកដទៃគ្រប់ពេល មិនសូវមានទំនុកចិត្តលើខ្លួនឯង។

៨.ព្យាយាមផ្គាប់ចិត្តអ្នកដទៃ

នេះគឺជារោគសញ្ញាទូទៅមួយទៀតដែលធ្វើឱ្យអ្នកតែងតែធ្វើវាដើម្បីធ្វើឲ្យអ្នកដទៃមានអារម្មណ៍សុខ ស្រួលសប្បាយចិត្ត អ្នកតែងខ្លាចគេអន់ចិត្តជានិច្ច ប៉ុន្តែអ្នកមិនអើពើនឹងតម្រូវការរបស់ខ្លួនឯងនោះទេបើទោះបីអ្នកមានអារម្មណ៍ថាជាសម្ពាធក៏ដោយ ៕ ប្រភព៖ Sanook