បច្ចុប្បន្ននេះយើងសង្កេតឃើញថា ជំងឺបាក់ទឹកចិត្តកំពុងវាយប្រហារបៀតបៀន អាយុជីវិតរបស់ប្រជាជនយើង មនុស្សមិនតិចទេបានជ្រើសរើសវិធីសម្លាប់ខ្លួនក្រោយពីជួបជំងឺមួយនេះ ជាជាងការបើកចិត្តទទួលការយកព្យាបាល។យោងតាមវេជ្ជបណ្ឌិត ដាំង គឹមហ៍័រ ឯកទេសវិកលវិទ្យា បាននិយាយថា ស្ត្រីមានអាត្រាកើតជំងឺផ្លូវចិត្តនេះច្រើនជាងបុរស ដោយសារតែការបំរែបំរួលអរម៉ូន ប៉ុន្តែការប្រែប្រួលអរម៉ូននេះ ក៏មិនមែនជាហេតុផលតែមួយគត់នៃជំងឺធ្លាក់ទឹកចិត្តដែរ ក្នុងនោះរួមមានកត្តាជីវសាស្ត្រ អត្តចរិក ស្ថានភាពជីវិតរស់នៅ និង បទពិសោធន៍ជីវិតរស់នៅប្រចាំថ្ងៃ បូករួមផ្សំគ្នាដែលធ្វើឱ្យប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត។
ថ្ងៃនេះយើងនឹងបង្ហាញលោកអ្នក តើរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តបង្ហាញនូវសកម្មភាពអ្វីខ្លះ៖
-ពិបាកចិត្តដោយមិនដឹងមូលហេតុ
-បាត់បង់ចំណាប់អារម្មណ៍ ឬ សកម្មភាពដែលធ្លាប់រីករាយកន្លងមក
-ខ្វះថាមពល និង អស់កម្លាំងជាប់ជាប្រចាំ
-ឧស្សាហ៍ឈឺក្បាល ឧស្សាហ៍ឈឺក្រពះ
-លែងមានជំនឿជឿជាក់លើខ្លួនឯង
-ឆាប់ភ័យរន្ធត់ ឆាប់យំ ឆាប់អន់ចិត្ត
-មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជិវិតរស់នៅគ្មានន័យ ឬ ពេលខ្លះចង់ធ្វើអត្តឃាត។
-អសកម្មភាព និង អសមត្ថភាពក្នុងការធ្វើការងារផ្សេងៗ
-ពិបាកផ្ចង់អារម្មណ៍ គិតច្រើន ភ្លេចភ្លាំងច្រើន
-ពិបាកដកដង្ហើម ឬ ថប់អារម្មណ៍ដែលមានចំណុចខ្លះស្រដៀងទៅនឹងជំងឺគាំងបេះដូង ។

-ពិបាកគេងលក់ គេងឆាប់ភ្ញាក់ ឬគេងមិនចង់ក្រោក
-មិនឃ្លានឬ ឃ្លានខុសពីធម្មតាក៏មាន ប៉ុន្តែនៅតែមានអារម្មណ៍ថាល្ហិតល្ហៃ។
នៅពេលដែលអ្នកដឹងថា អ្នកកំពុងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តហើយនោះ តើនឹងមានវិធីព្យាបាល និង វិធីការពារយ៉ាងដូចម្តេច ៖
យោងតាមគ្លីនិក Mayo ការព្យាបាលបែបវេជ្ជសាស្ត្រចំពោះអ្នកកើតជំងឺផ្លូវចិត្តមាន ២ វិធី ក្នុងនោះមានការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និង ការព្យាបាលតាមបែបចិត្តសាស្រ្តដូចជា
*ការរៀនពីវិធីក្នុងការសម្រាកកាយ និង ចិត្ត ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តនានា ។
*ការហាត់ប្រាណ យើងដឹងហើយថាការហាត់ប្រាណមិនត្រឹមតែព្យាបាលទៅលើបញ្ហាជំងឺផ្សេងៗទេ សូម្បីតែបញ្ហាជំងឺផ្លូវចិត្តក៏វារួមចំណែកយ៉ាងសំខាន់ក្នុងជួយព្យាបាលដែរ ។
* ការស្វែងរកមនុស្សដែលទុកចិត្តដែលអាចនិយាយជាមួយបាន តាមពិតទៅការស្វែងរកមនុស្សយល់ចិត្ត មនុស្សដែលគេអត់ធ្មត់ក្នុងការស្តាប់អ្នកនិយាយ ហើយក៏មិនដែលរិះគន់ បន្ទោសបង្អាប់ និយាយឱ្យខ្លីគឺ និយាយអោយធូរទ្រូង ហើយវាក៏អាចជួយរំសាយពីអារម្មណ៍ស្រ្តេសនេះបន្តិចម្តងៗទៅដែរ ។
* របបអាហារគ្រប់គ្រាន់ ដែលមានតុល្យភាព ។

ដូច្នេះប្រសិនបើអ្នកមានការសង្យ័យថាមិត្តភក្តិ ឬ អ្នក កំពុងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តរហូតដល់ដំណាក់កាលធ្ងន់ធ្ងរ ការស្វែងរកការព្យាបាលគឺជាដំណោះស្រាយមួយល្អបំផុត ៕