លោកស្រីវេជ្ជបណ្ឌិត Amporn Benjapolphithak អគ្គនាយកសុខភាពផ្លូវចិត្តក្នុងប្រទេសថៃបានធ្វើការសិក្សា និងបង្ហាញថា ការរាត្បាតនៃជំងឺកូវីដ-១៩បានធ្វើឲ្យមនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែជួបបញ្ហាផ្លូវចិត្តជាច្រើន ហើយវាជាបញ្ហាដ៏ធំ និងគួរឱ្យបារម្ភសម្រាប់យកមកដោះស្រាយជាអន្តរជាតិ ដែលទាមទាឱ្យមានវិធានការជាបន្ទាន់ដើម្បីត្រៀមខ្លួនក្នុងការ ព្យាបាល មើលថែអ្នកមានជំងឺផ្លូវចិត្តដែលធ្លាប់ឆ្លងកូវីដកន្លងមក។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន Khaosod ។

ទាក់ទងនឹងបញ្ហាខាងលើ លោកស្រីវេជ្ជបណ្ឌិត Amporn Benjapolphithak បានធ្វើការប្រមូលទិន្នន័យ ពីការរាតត្បាតនៃជំងឺកូវីដ-១៩បានឱ្យដឹងថា អ្នកដែលធ្លាប់បានឆ្លងនូវជំងឺកូវីដ-១៩ ពួកគេនឹងមានអាការៈអស់កម្លាំង ៩.៧ភាគរយ មានចិត្តចង់ធ្វើអត្តឃាត ៥.៩ភាគរយ បាក់ទឹកចិត្ត ៤.៨ ភាគរយ និងស្ត្រេស ២.១ ភាគរយ ដែលកាត់បន្ថយសុខភាពផ្លូវចិត្តជាង ៨០ ភាគរយ។

អាការៈខាងលើនេះបណ្ដាលមកពី ការព្រួយបារម្ភ ការភ័យស្លន់ស្លោរបស់អ្នកជំងឺ និងកត្តាជាច្រើនទៀតដែលបណ្ដាលមកពីជំងឺកូវីដ ដែលនេះជាបញ្ហាដ៏សំខាន់ត្រូវតែដោះស្រាយជាបន្ទាន់ ដោយត្រូវតែពង្រឹងសេវាកម្មត្រួតពិនិត្យ និងព្យាបាលអ្នកជំងឺវិកលចរិក ឬ អ្នកជំងឺផ្លូវចិត្ត នៅក្នុងមន្ទីរពេទ្យចិត្តសាស្ត្រទូទាំងពិភពលោកដែលបានទៅទទួលសេវាកម្ម៕ ប្រភព៖ Khaosad