យល់ដឹង៖ គ្រប់ជីវិតមនុស្សកើតឡើងលើពិភពផែនដីយើងនេះ ពិតណាស់តែងតែមានរឿងល្អ និងរឿងអាក្រក់ចូលមកចៀសមិនរួច តែបើជួបរឿងអាក្រក់ក៏យកវាមកធ្វើជាមេរៀន ប៉ុន្តែបើសិនជាអាក្រក់ដល់ថ្នាក់ទទួលយកមិនបានទេ ក៏ត្រូវតែចេះគិតថារឿងនេះមានត្រឹមតែ២៤ម៉ោង ស្អែកឡើងនឹងជួបថ្ងៃថ្មីក៏លែងអីហើយ។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមករៀនពីមេរៀនមួយចំនួនដែលទទួលបានពីបញ្ហាស្នេហាបែកបាក់ទាំងអស់គ្នា៖

១. ពេលវេលាផ្ទាល់ខ្លួនគឺជារឿងសំខាន់

ពីមុនពេលទំនេរអ្នកតែងតែចំណាយពេលជាមួយដៃគូស្នេហា​ រហូតភ្លេចថា ខ្លួនឯងមានតម្រូវការអ្វីឱ្យ ពិតប្រាកដ​ ហើយនៅពេលឃ្លាតឆ្ងាយពីគ្នាអ្នកក៏នៅតែឈឺចាប់ខ្លាំង ប៉ុន្តែដល់វេលាមួយដែលអ្នកនឹងត្រឡប់ចាប់ផ្ដើមមកស្រឡាញ់ខ្លួនឯងឡើងវិញ ព្រមទាំងចំណាយពេលសម្រាប់ខ្លួនឯងឱ្យមានន័យបំផុត នេះហើយវាបានធ្វើឱ្យអ្នកស្គាល់ពីខ្លួនឯងកាន់តែច្បាស់។

២. ឈប់ដាក់ក្ដីសង្ឃឹមខ្ពស់ពេក

ការតាំងក្ដីសង្ឃឹមខ្ពស់ពេក រឿងមិនសមបំណង អ្នកក៏នឹងទទួលបាននូវការឈឺចាប់ខ្លាំងដូចគ្នា ដូច្នេះមេរៀននៃការបាត់បង់ស្នេហា ធ្លាប់តែមានទំនុកចិត្ត និងភាពរីករាយម្ដងរួចហើយនោះ វាបានបង្ហាញ អ្នកឱ្យចេះគ្រប់គ្រងអារម្មណ៍ និងចេះត្រៀមចិត្តទុកជាមុនជាមួយរឿងរ៉ាវខកបំណងផ្សេងៗក្នុងជីវិត។

៣. ចេះរម្ងាប់អារម្មណ៍

ក្នុងទំនាក់ទំនងស្នេហាមិនចុះសម្រុងគ្នា បើអ្នកបង្ហាញនូវអារម្មណ៍ក្ដៅក្រហាយ វានឹងធ្វើឱ្យរឿងរ៉ាវកាន់តែអាក្រក់ឡើង ដូច្នេះមានតែការចេះរម្ងាប់ចិត្ត ធ្វើឱ្យបេះដូង និងចិត្តស្ងប់ស្ងាត់ នោះទើបអាចដោះស្រាយនូវបញ្ហាបាន ថែមទាំងធ្វើឱ្យអ្នកទាំងពីរមិនមានជម្លោះនឹងគ្នាថែមទៀតផង។

៤. ព្រមទទួលស្គាល់នូវអ្វីដែលគេសម្រេច

ដល់ចំណុចនេះអ្នកបានទទួលស្គាល់នូវអ្វីដែលគេសម្រេចចិត្ត និងស្គាល់ពីខ្លួនគេកាន់តែច្បាស់ថា រូបគេចង់បានអ្វី និងត្រូវការអ្វី ព្រោះបើសិនជាយើងចង់អូសទាញមនុស្សម្នាក់នោះមកវិញ និងឱ្យយល់ស្របជាមួយគំនិតអ្នកបន្តទៅទៀតក៏មិនអាចទៅរួចនោះទេ។

៥. ចេះអភ័យទោសចំពោះគេ និងខ្លួនឯង

ពេលដែលអ្នកដើរដល់ចំណុចនៃការបែកបាក់គ្នាហើយ ដំបូងតែងតែមានអារម្មណ៍សោកសៅ និងចូលចិត្តបន្ទោសខ្លួនឯង ឬដៃគូម្ខាងទៀតថាជាមូលហេតុនៃការបែកគ្នា តែក្រោយមកយើងនឹងដឹងពីមូលហេតុច្បាស់លាស់ណាមួយដែលវាមិនមែនជាកំហុសរបស់នរណាម្នាក់នោះទេ ចុងក្រោយអ្នកក៏ព្រមអភ័យទោសឱ្យគេនិងខ្លួនឯង។

៦. ចេះទទួលស្គាល់ការពិត

ការទទួលស្គាល់នូវការពិតចំពោះរឿងរ៉ាវផ្សេងៗពិតណាស់គឺមិនងាយនោះទេ ជាពិសេសរឿងស្នេហាតែម្ដង ដំបូងៗអ្នកមិនចង់ទទួលស្គាល់នូវការបែកបាក់គ្នានោះទេ តែចុងក្រោយអ្នកបានព្យាយាម និងចាប់ផ្ដើមចេះទទួលស្គាល់នូវការពិតគ្រប់យ៉ាងដើម្បីខ្លួនឯង។

មិនថាជាបញ្ហាអ្វីនោះទេ វាតែងតែផ្ដល់នូវបទពិសោធន៍ និងមេរៀនយ៉ាងល្អក្នុងការបង្រៀនអ្នកឱ្យក្លាយជាមនុស្សរឹងមាំ ព្រមទាំងអាចប្រឈមមុខជាមួយបញ្ហាក្នុងថ្ងៃខាងមុខបានយ៉ាងក្លាហាន និងមានទំនុកចិត្តជាមួយនឹងរឿងរ៉ាវទាំងអស់នោះ៕