នៅពេលដែលជីវិតគ្មានដង្ហើម អ្វីដែលត្រូវធ្វើបន្ទាប់នោះគឺរៀបចំពិធីបុណ្យសពសម្រាប់អ្នកស្លាប់ ហើយពិធីបុណ្យសពរបស់ជាតិសាសន៍នីមួយៗ ក៏មានភាពខុសៗគ្នាទៅតាមនោះដែរ សម្រាប់ពុទ្ធសាសនិកខ្មែរ នៃនិកាយហិនយាន ពិធីបុណ្យសពគឺជាការបូជាសព ឬ បញ្ជុះ ប៉ុន្តែសម្រាប់ពុទ្ធសាសនិកនៅទីបេវិញ ពិធីបុណ្យសពរបស់ពួកគេត្រូវបានគេហៅថា “Sky Burial” ឬ “ពិធីបុណ្យសពនៅលើមេឃ” ដោយពិធីនេះត្រូវបានគេបំបែកសាកសពអោយសត្វត្មាតមកស៊ីយ៉ាងគួរឱ្យរន្ធត់។

ពិធី Sky Burial គឺជាពិធីបុណ្យសពដែលត្រូវបានអនុវត្តក្នុងចំណោមប្រជាជនទីបេ ដែលប្រកាន់ខ្ជាប់នូវពុទ្ធសាសនាដែលជានិកាយមួយបែកចេញពីពុទ្ធសាសនាមហាយាន សម្រាប់ពិធីនេះត្រូវបានគេឱ្យដឹងថា មានលក្ខណៈដ៏ឃោរឃៅ និងគួរឱ្យភ័យខ្លាចខ្លាំងណាស់ ព្រោះនៅក្នុងការប្រារព្ធពិធី សាកសពនឹងត្រូវដឹកយកទៅតម្កល់នៅទីធ្លាខាងក្រៅ នៃទីតាំងពិធីបុណ្យ បន្ទាប់មកសពត្រូវកាត់ស្បែក និងកាត់សាច់ចេញពីខ្លួន ដើម្បីឱ្យមានភាពងាយស្រួលដល់សត្វត្មាតមួយហ្វូងធំ កំពុងតែស្រេកឃ្លាន និងរង់ចាំស៊ីអាហារ នៅក្បែរនោះ។ ស្របពេលដែលសត្វត្មាតកំពុងតែដណ្ដើមគ្នាស៊ីសាកសព ពិធីនឹងតម្រូវឱ្យក្រុមគ្រួសារអុជធូប ហើយបួងសួងនៅក្បែរនោះ រហូតដល់សាកសពត្រូវត្មាតស៊ីនៅសល់តែគ្រោងឆ្អឹង ក្រោយមកគ្រោងឆ្អឹងនឹងត្រូវកាត់ជាដុំៗ និងវាយដោយញញួរ បន្តទៀតដើម្បីឱ្យសត្វទាំងអស់នោះស៊ីឱ្យអស់។

បើទោះបីជាពិធីបុណ្យសពមានលក្ខណៈឃោរឃៅ និងគួរឱ្យភ័យខ្លាចក៏ពិតមែន ប៉ុន្តែវាបានលាក់កំបាំងនូវសីលធម៌សម្រាប់មនុស្សយើងជាច្រើន មិនខុសពីព្រះសម្មាសម្ពុទ្ធ បានបង្រៀនអំពីវដ្តនៃការកើត និងការស្លាប់ ដូច្នេះនៅពេលដែលវិញ្ញាណបានចាកចេញពីរាងកាយ រូបដែលគ្មានដង្ហើមគឺគ្រាន់តែជារបស់មិនទៀង មិនចាំបាច់ថែរក្សាទៀតទេ ការលះបង់រូបកាយចុងក្រោយដែលគ្មានដង្ហើម ដើម្បីចិញ្ចឹមជីវិតសត្វត្មាតជាច្រើនក្នុងតំបន់នេះ វាហាក់ដូចជាការធ្វើប្រយោជន៍ចុងក្រោយនៃជីវិត មិនតែប៉ុណ្ណោះក៏បានជួយសង្គ្រោះសត្វតូចៗជាច្រើនផ្សេងទៀតចេញពីការប្រមាញ់ជាអាហាររបស់សត្វត្មាតផងដែរ៕ ប្រភព៖ Kapook