នៅពេលដែលស្រឡាញ់គ្នាដំបូងពិតណាស់គឺមានភាពផ្អែមល្ហែមជាខ្លាំង ស្ទើរតែចាក់ទឹកមិនលិច អ្វីគ្រប់យ៉ាងនៅលើពិភពលោកមួយនេះគឺមានតែពណ៌ស៊ីជម្ពូ និងភាពចុះសម្រុងនឹងគ្នា តែពេលវេលាចេះតែកន្លងផុតទៅអ្វីគ្រប់យ៉ាងក៏ប្រែប្រួល ​អ្នកទាំងពីរក៏មានអារម្មណ៍ថាឃ្លាតឆ្ងាយដូចគ្នា និង ចាប់ផ្ដើមមានអារម្មណ៍ថា ភាគីម្ខាងទៀតធ្វើអ្វីក៏មិនត្រូវចិត្ត គិតអ្វីក៏ខុស ពេលខ្លះវាអាចជាអារម្មណ៍អស់ចិត្ត តែពេលខ្លះវាមិនមែនជាអារម្មណ៍អស់ចិត្តនោះទេ ហើយរឹតតែមិនអាចផ្ដល់ចម្លើយបានថាមកពីមូលហេតុអ្វី?

ទាក់ទងនឹងរឿងស្នេហារបស់មនុស្សពីរនាក់ ពិតណាស់វាពិបាកយល់ និងមានភាពច្របូកច្របល់ ហើយនៅពេលដែលមកជួបជាមួយនឹងបញ្ហាការមិនចុះសម្រុងគ្នាបែបនេះទៀតវារឹតតែស្មុគស្មាញ តែអ្នកត្រូវតែរកដំណោះស្រាយឱ្យបានជាមួយនឹងបញ្ហាទំនាក់ទំនងរបស់អ្នកឱ្យដាច់ស្រេច ដោយអ្នកត្រូវតែរៀនពីចរិកលក្ខណៈរបស់គេ និងចាប់ផ្ដើមសោះស្រាយ ព្រមទាំងប្រឈមមុខដាក់គ្នា ហើយលើកពីបញ្ហាមិនចុះសម្រុងគ្នានៅត្រង់ចំណុចណាឱ្យបានច្បាស់លាល់ រួចរកវិធីដោះស្រាយជាមួយគ្នាឱ្យវាល្អប្រសើរឡើងមកវិញ មិន ត្រូវសំងំទុកឱ្យក្លាយជាដំបៅរ៉ាំរ៉ៃនោះទេ។ តែបើដៃគូម្ខាងទៀតមិនព្រមយល់ចិត្តយើង ឬ មិនព្រមដោះស្រាយជាមួយគ្នានោះទេ អាចមកពីបញ្ហាមួយផ្សេងទៀត ដូចជាការអស់ចិត្តពីយើងមានអ្នកថ្មី ឬ អាចមកពីគេមិនចង់បន្តដំណើរជាមួយយើងតទៅទៀត ដល់ចំណុចនេះអ្នកក៏គួរតែសួរគេឱ្យបានច្បាស់ដូចគ្នា ជៀសវាងការខូចចិត្តរយៈពេលយូរ ដែលបណ្ដាលឱ្យក្លាយជាវិបត្តិផ្លូវចិត្ត៕