ប្រទេសអាហ្វហ្គានីស្ថាន៖ ​ពិតជារីករាយណាស់ គូស្នេហ៍ ថ្មីថ្មោង ១១០ គូនៅប្រទេសអាហ្វហ្គានីស្ថានមានភាពសប្បាយចិត្តជាខ្លាំង ក្រោយមានមូលនិធិសប្បុរសធម៌​ បានរៀបចំពិធីរៀបការឱ្យពួកគេយ៉ាងសមរម្យ និងឱឡារឹក។

នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ សារព័ត៌មានស៊ីនហួ បានរាយការណ៍ពីបរិយាកាសដ៏រីករាយនៃក្រុមគូស្នេហ៍ដែលកំពុងតែរៀបអាពាហ៍ពិពាហ៍ចំនួន ១១០ គូនៅ Lashkar Gah រដ្ឋធានីនៃខេត្ត Helmand ភាគខាងត្បូងនៃ ប្រទេសអាហ្វហ្គានីស្ថាន។ ពិធីរៀបការ ជាមួយនឹងកូនកំលោះ កូនក្រមុំជាច្រើនគូបែបនេះពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ហើយក្នុងនោះពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះគឺ ធ្វើឡើងដោយមូលនិធិសប្បុរសធម៌ឈ្មោះថា Zelab ដោយបន្ថែមពីនេះលោក Sayyed Ahmad Zelab ជាប្រធានមូលនិធិនេះផ្ទាល់ បាននិយាយថាមូលហេតុ ដែលមានការរៀបចំនូវពិធីរៀបការជាមួយគូស្នេហ៍ជាច្រើនគូបែបនេះព្រោះ ប្រទេសអាហ្វហ្គានីស្ថានបានប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចអស់រយៈពេលជាយូរមកហើយ ធ្វើឱ្យគ្រួសារជាច្រើនប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ គូស្វាមីភរិយាជាច្រើនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំពិធីមង្គលការរបស់ពួកគេជាខ្លាំង ដូច្នេះយើងត្រូវតែជួយដោះសម្រាប់ពួកគេខ្លះ។

យ៉ាងណាមិញ លោក Zelab ក៏បានបន្ថែម ថាពិធីមង្គលការ ដ៏ធំនេះត្រូវបានឧបត្ថម្ភថវិកាដោយសប្បុរសជនក្នុងស្រុកមួយចំនួន ហើយវាជាវិធីដ៏ល្អមួយក្នុងការជួយគូស្វាមីភរិយាដែលគ្មានថវិការសម្រាប់រៀបការ ដោយរយៈពេលពីរឆ្នាំមកនេះ ខាងក្រុមសប្បុរសធម៌របស់លោកក៏ធ្លាប់បានរៀបចំពិធីមង្គលការដ៏ធំបែបនេះសម្រាប់គូស្វាមីភរិយាជាង ២,៥០០ គូរួចមកហើយ៕ ប្រភព៖ Khaosod