(ភ្នំពេញ)៖ ក្នុងសារលិខិតមួយចែកចាយតាមបណ្តាញសង្គម ដែលបណ្តាញព័ត៌មានជាច្រើន ទទួលបាននៅថ្ងៃនេះ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ។

លិខិតរបស់ លោកស្រី កែ ឡេង ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានផ្ញើជូន នាយកប្រតិបត្តិអង្គការតម្លាភាពនៃកម្ពុជា ដោយស្នើសុំដក និងហាមចាក់ផ្សាយវីដេអូសម្ភាសរបស់លោកស្រី ដោយការមើលឃើញពីចេតនានៃការផ្សាភ្ជាប់លោកស្រីទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុន។
ខ្លឹមសារទាំងស្រុងរបស់ លោកស្រី កែ ឡែង បានសរសេរថា៖

«ខ្ញុំបានទទួលលិខិតអញ្ជើញរបស់អង្គការតម្លាភាពកម្ពុជា ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ហើយក៏បានឃើញវីដេអូខ្លីសង្ខេបស្តីពី៖ «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដែលសមាសភាពស្ត្រីទាំង១០រូបនោះក៏ មានសមាសភាពមកពីអតីតគណបក្សសង្គ្រោះជាតិផងដែរ (លោកស្រី មួរ សុខហួ)។

ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ជូន លោកនាយកប្រតិបត្តិជ្រាបថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលខ្ញុំផ្តល់ដល់អង្គការតម្លាភាពនៃកម្ពុជា គឺធ្វើឡើងក្រោយក្រុមការងារតម្លាភាពកម្ពុជា បានទាក់ទងជាច្រើនដង ដោយបញ្ជុះបញ្ជូលធ្វើឱ្យខ្ញុំយល់ថា កិច្ចសម្ភាសនេះ គឺដើម្បីតែលើកកម្ពស់ អបអរសាទរតម្លៃស្ត្រីកម្ពុជា ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយណាមួយនោះទេ។

ក្នុងន័យនេះ ដោយឃើញកម្រងវីដេអូ និងវេទិកាដែលរៀបចំដោយអង្គការរបស់លោកមានការផ្សាភ្ជាប់ច្រើនទៅនឹងសកម្មភាពដូចបានបញ្ជាក់ខាងលើ ខ្ញុំស្នើសុំលោកនាយកប្រតិបត្តិដកចេញនូវវីដេអូសម្ភាសន៍របស់ខ្ញុំ និងហាមធ្វើការផ្សព្វផ្សាយទោះរូបភាពណាក៏ដោយ។ ហើយខ្ញុំក៏នឹងអាក់ខានក្នុងការចូលរួមពិធីសម្ភោធវីដេអូនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ»៕