រាជធានីភ្នំពេញ៖ នៅពេលថ្មីៗនេះ មានជនអនាមិកបានយករូបថត និងឈ្មោះ តារាសម្ដែង កញ្ញា មាន សូនីតា ទៅបង្កើត Telegram ក្នុងបំណងទុច្ចរិត តែយ៉ាងណា ហើយនៅប៉ុន្មានម៉ោងមុននេះ ស្រីស្អាត មាន សូនីតា បានបង្ហោះសារប្រកាសប្រាប់ដល់មហាជន និងអ្នកគាំទ្រថា រូបនាងសូមធ្វើការបដិសេធទាំងស្រុង និងមិនទទួលខុសត្រូវ ចំពោះទង្វើដែលជនអនាមិក ដែលបានយកឈ្មោះ និងរូបថតរបស់នាង ទៅបង្កើតគណនី Telegram ថ្មី ក្នុងន័យទុច្ចរិត ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់នាងជាខ្លាំង និងឲ្យមហាជនជួយ Block ចោលផង។
តារាសម្ដែងមានជីវិតឡូយឆាយ មាន សូនីតា បានបញ្ជាក់ឲ្យដឹងនៅមុននេះ បន្តិចថា «ជួយផង បងប្អូនអើយ Account មួយនេះ មិនមែនជា account របស់នាងទេ ជា Account fake ខ្ញុំមិនដឹងថា គាត់មានបំណងអ្វីទេ សូមបងប្អូនជួយ block ចោលផង។ បើសិនជាមានបញ្ហាអ្វីមួយកើតឡើង នាងខ្ញុំមិនទទូលខុសត្រូវទេ។ សូមអរគុណទុកជាមុន!»។
សូមបញ្ជាក់ថា តារាសម្ដែង មាន សូនីតា ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា សព្វថ្ងៃនេះនាងមានភាពមមាញឹកខ្លាំងលើការងារសិល្បៈ ជាពិសេសគឺការបង្ហាញម៉ូដ បង្ហាញផលិតផលថ្មីៗ ដែលត្រូវបានម្ចាស់ប្រេនល្បីៗ ជួលរូបនាងឲ្យជួយផ្សព្វផ្សាយ ហើយកាលពីខែមុន នាងត្រូវបានម្ចាស់ប្រេនល្បីមួយនៅប្រទេសបារាំង អញ្ជើញរូបនាងឲ្យជួយ បង្ហាញម៉ូដសម្លៀកបំពាក់ ដល់ប្រទេសបារាំងទៀតផង៕