ប្រទេសថៃ៖ ប្រជាកសិករដាំដូងប្រេងនៅក្នុងប្រទេសថៃទាំងអស់នឹងទទួលបានគម្រោងធានារ៉ាប់រងប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២នេះ ដោយមិនបាច់ព្រួយបារម្ភខ្លាចខាតបង់ និងការលក់មិនចេញ ឬគ្មានប្រាក់ចំណូលជាមួយនឹងផលិតផលដាំដុះរបស់ខ្លួននោះទេ។

កាលពីពេលថ្មីៗនេះលោកស្រី Ratchada Thanadirek អ្នកនាំពាក្យរងទីស្តីការនាយករដ្ឋមន្ត្រីក្នុងប្រទេសថៃបានបង្ហើបថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តលើគម្រោងធានារ៉ាប់រងប្រាក់ចំណូលសម្រាប់កសិករដាំដូងប្រេងក្នុងឆ្នាំ ២០២២នេះ ដែលមានថវិកាចំនួន ២ លានដុល្លារជាង ដូចដែលបានស្នើឡើងដោយក្រសួងពាណិជ្ជកម្មកន្លងមក ដើម្បីក្នុងការបង្កើតស្ថិរភាពប្រាក់ចំណូលក្នុងអំឡុងពេលតម្លៃផលិតផល ធ្លាក់ចុះទាបសម្រាប់កសិករដាំដូងប្រេងប្រមាណ ៣,៨ ម៉ឺននាក់នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក្តី គោលការណ៍នេះនៅតែដដែលដូចកាលពីមុន គឺតម្លៃធានារ៉ាប់រងដូងប្រេង (អត្រាប្រេង ១៨%) ស្មើនឹង ៤បាត ក្នុងមួយគីឡូក្រាម និងផ្តល់ជំនួយមិនលើសពីដំណាំ ២៥ រ៉ៃក្នុងមួយគ្រួសារសម្រាប់កសិករដាំដូងប្រេងនេះផ្ទាល់ ក្នុងនោះកសិកម្មត្រូវតែជាតំបន់ដាំដូងប្រេងដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ ព្រមទាំងបានផ្តល់ផលរួចរាល់ ហើយក្នុងនោះរយៈពេលនៃការបង់ប្រាក់ធានារ៉ាប់រងប្រាក់ចំណូល នឹងចាប់ផ្តើមពីខែកញ្ញានេះតទៅ។

ទោះជាយ៉ាងណាក៏ដោយ នាពេលកន្លងមក កម្មវិធីធានារ៉ាប់រងប្រាក់ចំណូលកសិករដូងប្រេងនៅឆ្នាំ ២០២១ មិនត្រូវបានធ្វើឡើងនោះទេ ព្រោះដោយសារតែតម្រូវការប្រេងដូងក្នុងឆ្នាំនោះកើនឡើងសម្រាប់ការប្រើប្រាស់ និងនាំចេញ ដែលស្ថិតក្នុងតម្លៃមធ្យមនៃដូងគឺប្រហែល ៦,៩ បាតក្នុងមួយគីឡូក្រាម ដែលខ្ពស់ជាងតម្លៃធានារ៉ាប់រងប្រាក់ចំណូលដែលបានបញ្ជាក់និងកំណត់ត្រឹមចំនួន ៤ បាតក្នុងមួយគីឡូក្រាមសម្រាប់ពេញមួយឆ្នាំ៕ ប្រភព៖ Sanook