ប្រទេសអ៊ីតាលី៖ អ្នករស់នៅទីក្រុង Venice នៃប្រទេសអ៊ីតាលី និងអ្នកទេសចរនាំគ្នាដោះម៉ាសងាកមកពាក់របាំងមុខដ៏ស្រស់ស្អាតជំនួសវិញ មកចូលរួមក្នុងពិធីបុណ្យ Venice Carnival បន្ទាប់ពីពិធីនេះត្រូវបានគេផ្អាករៀបចំជាយូរមកហើយចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩មកម្លេះ។

ពិធីបុណ្យដ៏អស្ចារ្យរបស់ទីក្រុង Venice នៃប្រទេសអ៊ីតាលី បានត្រឡប់មករៀបចំជាថ្មីម្តងទៀតកាលពីកន្លងទៅថ្មីៗនេះ ជាមួយនឹងប្រជាជននៅទីក្រុង Venice និងអ្នកទេសចរជាច្រើនបានសម្រុកទៅទីលាន St. Mark’s ដើម្បីទៅការប្រលងសំលៀកបំពាក់ក្នុងពិធីបុណ្យមួយនេះ ដោយពួកគេទាំងនោះម្នាក់ៗមានការស្លៀកពាក់ចម្លែកៗគួរឱ្យចាប់អារម្មណ៍ ព្រមទាំងមានពាក់របាំងមុខដ៏ស្រស់ស្អាតរបស់ពួកគេថែមទៀតផង។ បន្ថែមពីលើនោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្សប្រហែល ៨០.០០០ នាក់បានចូលរួមនៅឆ្នាំនេះ រួមទាំងអ្នកទេសចរ ៣២.០០០នាក់ផ្សេងទៀត បើទោះបីជាមានចំនួនតិចតួច បើប្រៀបធៀបទៅនឹងរយៈពេលឆ្នាំមុនកើតមានកូវីដ ប៉ុន្តែវាក៏ជាសញ្ញាល្អនៃការរស់ឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងទីក្រុង Venice នៃប្រទេសអីតាលី ដែលនេះនឹងអនុញ្ញាតឱ្យប្រជាជនក្នុងតំបន់ចាប់ផ្តើមរកប្រាក់ចំណូលពីទេសចរណ៍ម្តងទៀត។ គួបញ្ជាក់ផងដែរថាពិធីបុណ្យ Venice ប្រារព្ធឡើងជាលើកដំបូងចាប់តាំងពីសតវត្សទី ១១ មានអ្នកចូលរួមជាច្រើនក្នុងមួយឆ្នាំៗ ហើយពិធីបុណ្យនេះនឹងប្រារព្ធឡើងរហូតដល់ថ្ងៃទី១ខែមីនា ព្រោះជាពេលដែលគ្រិស្តបរិស័ទនិងកាតូលិកចូលវស្សា ឬក្នុងអំឡុងពេលរំលឹកដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលី​ប្រកាសលុបចោលការពាក់ម៉ាស់តាមទីសាធារណៈរួចមក នេះជាព្រឹត្តិការណ៍ប្រារព្ធពិធីបុណ្យដំបូងហើយក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានលុបចោលកន្លងមក៕ ប្រភព៖ Thairath