ប្រទេសអូស្ត្រាលី៖ ក្រុមអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលព្រោះបានរកឃើញនូវស្លាកស្នាមនៃជួរភ្នំដ៏ធំមហិមាដែលធ្លាប់មានវត្តមានកាលពីរាប់រយលានឆ្នាំមុន។

កាលពីពេលថ្មីៗកន្លងទៅនេះក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានរកឃើញតម្រុយនៃស្លាកស្នាមរបស់ កំពូលភ្នំ ឈ្មោះថា (Supermountain) ២ កន្លែងនៅលើផែនដីក្នុងយុគសម័យបុព្វកាលរាប់រយលានឆ្នាំមុន។ ក្នុងនោះត្រូវបានគេឱ្យដឹងថាជួរភ្នំដ៏ធំសម្បើមនេះមានកម្ពស់មិនតិចជាងភ្នំអេវឺរេសយើងសព្វថ្ងៃនោះទេ ដោយភ្នំនិមួយៗលាតសន្ធឹងជិត ១០,០០០ គីឡូម៉ែត្រ ដែលវែងជាងភ្នំហិម៉ាឡៃ ៣ទៅ៤ ដង។ ជួរភ្នំដ៏អស្ចារ្យនេះស្ថិតនៅលើមហាទ្វីប Gondwana កាលពី ៦៥០-៥០០ លានឆ្នាំមុន ដែលមានប្រវែងប្រហែល ៨,០០០ គីឡូម៉ែត្រ និងជួរភ្នំដ៏អស្ចារ្យមួយទៀតដែលបានរកឃើញគឺចាស់ជាងគេ ស្ថិតនៅលើមហាទ្វីបណូណា (Nuna) ឬមហាទ្វីបកូឡុំប៊ី ពី ១.០-១.៥ ពាន់លានឆ្នាំមុន មានប្រវែងប្រហែល ៨,០០០ គីឡូម៉ែត្រដូចគ្នា។ ដោយឡែកការបាត់បង់នូវភ្នំដ៏ធំទាំងពីរនេះគឺបណ្តាលមកពីខ្យល់បក់ និងទឹក ក៏ដូចជាគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងការបាក់ស្រុតម្ដងបន្តិចៗអស់រយៈពេលរាប់លាបឆ្នាំកន្លងមក៕ Khaosod