សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះរាយនាមកីឡាករចំនួន ៣៦នាក់ ដែលឆ្លងផុតការធ្វើតេស្ដដំណាក់កាលទី១ ហើយ ហើយត្រូវបន្ដធ្វើតេស្ដដំណាក់កាលទី២ នៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយ ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ (AFF U23 Championship 2022) នៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។

សម្រាប់ការធ្វើតេស្ដដំណាក់កាលទី១ គឺមានកីឡាករ ៧៤នាក់ មកពី ១៨សមាគម/ក្លិបចូលរួម ដែលធ្វើការប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែកុម្ភៈ មុនចម្រាញ់បានកីឡាករ ៣៦នាក់ ដែលត្រូវបន្ដធ្វើតេស្ដដំណាក់កាលទី២ រយៈពេល ៤ថ្ងៃទៀត ចាប់ពីថ្ងៃទី០៥-០៨ ខែកុម្ភៈនេះ ដើម្បីជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខ ។


សូមបញ្ជាក់ថា ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះនេះ នឹងត្រូវប្រកួតលើទីលាន ២ រួមមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍របស់ក្លិបបាល់ទាត់វិសាខា ។ បេសកកម្មនេះដែរ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ និងពូល C មានថៃ វៀតណាម និងសិង្ហបុរី ៕


