ខេត្តកណ្តាល៖ កាលពីថ្មីៗនេះ មានពលរដ្ឋល្អម្នាក់ បានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថា មានទីតាំងល្បែងមួយកន្លែង ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានបើកល្បែងជាច្រើនមុខយូរមកហើយ មានដូចជា ល្បែងឡូតូ ល្បែងបៀ ល្បែងប៊ូលភ្នាល់ដាក់លុយ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្ត បានចាត់ឲ្យអធិការដ្ឋាននគរបាលស្រុកលើកដែក ស្រាវជ្រាវករណីខាងលើ។ ជាលទ្ធផល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក លោកអធិការស្រុកលើកដែក បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវដល់ទីតាំងខាងលើ រួមមាន៖ ១-ទីតាំងកន្លែងលេងប៊ូល បានកិច្ចសន្យាមិនឲ្យជួបជុំគ្នាច្រើន និងមិនឲ្យមានការភ្នាល់ដាក់លុយ(ជាពិសេសល្បែងស៊ីសងខុសច្បាប់)។ ២-ទីតាំងឆ្នោតឡូតូ គឺជារបស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ មានអាជ្ញាប័ណ្ណស្របច្បាប់។ និង៣-ចំពោះល្បែងភ្នាល់មាន់តាមអនឡាញ គឺពុំមានបើកលេងភ្នាល់ក្នុងទឹកដីឃុំកំពង់ភ្នំទេ។

បន្ទាប់មកសមត្ថកិច្ចបានណែនាំម្ចាស់ទីតាំងបន្ថែមអោយចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕