រាជធានីភ្នំពេញ៖ ដូចមហាជនបានជ្រាបហើយ អ្នកឧកញ៉ា សុខ គង់ ដែលជាមហាសេដ្ឋីល្បីឈ្មោះមួយរូបទ្រព្យធនវាល់លានដុល្លារ  ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៊ីនវេសមេនគ្រុប រួមជាមួយអាជីវកម្មរាប់រយកន្លែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន សុខា គ្រុប អ្នកឧកញ៉ា សុខ គង់ បានប្រកាសលក់សណ្ឋាគារសុខា និងដី ក្នុងតម្លៃ១ ៥០០លានដុល្លារ នៅតំបន់ជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សុខគង់ ក៏បានបង្ហើបពីមូលហេតុចម្បងធំៗពីរ ដែលបានបង្ខំចិត្តធ្វើឲ្យលោកសម្រេចចិត្តលក់សណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារ ដែលមូលហេតុទី១ គឺលោកមានបំណងត្រូវការលុយបន្ថែមដើម្បីយកទុនវិនិយោគសាងសង់គំរោងនានានៅទីក្រុងបូកគោ ​ស្ថិតក្នុងខេត្តកំពត ដែលទីក្រុងនេះនឹងត្រូវអភិវឌ្ឍន៍ជាទីក្រុង​ឆ្លាតវៃ និងជាការអភិវឌ្ឍន៍មួយ ដើម្បីជំរុញការរីកចម្រើនក្នុងខេត្តកំពត។ ចំពោះមូលហេតុទី២ គឺលោកត្រូវការលុយដើម្បីដោះស្រាយបំណុលរបស់ក្រុមហ៊ុនផងដែរ។

អ្នកឧកញ៉ាបានបន្តថា “ខ្ញុំចាស់ហើយ គ្មានអ្វីចង់បានទទៀតទេ តែចង់បន្សល់ស្នាដៃទុកជូនអ្នកជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល”។

អ្នកឧកញ៉ាបានបន្តថា ដីនៅទីតាំងតំបន់ជ្រោយចង្វារនេះ ជាដីដែលល្អបំផុត និងមានតែមួយនៅទីក្រុងភ្នំពេញ ដែលមានទីតាំងល្អណាស់ ធៀបនឹងតំបន់ដទៃទៀត។ ហេតុនេះការដាក់លក់ដីនៅទីនេះ ដែលដីសណ្ឋាគារមានទំហំ៥ហិកតា និងដីនៅសល់៨ហិកតាទៀត នឹងត្រូវដាក់លក់ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក។

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានយល់ព្រមចំណាយថវិកាក្នុងការសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡើងទៅលើភ្នំបូកគោ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ។ ផ្លូវ១ខ្សែថ្មីនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកធ្វើសម្បទានដី ដោយកាប់ចំការដូងប្រេងរបស់លោកមួយចំនួនធំផងដែរ៕