រដ្ឋធានីគៀវ៖ ទាហានម្នាក់របស់អ៊ុយក្រែន បានបាញ់ប្រហារទៅលើកងសន្ដិសុខ បណ្ដាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងរោងចក្រយោធាមួយកន្លែង នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីយប់ ថ្ងៃទី២៧ ខែមករា ថា ទាហានឆ្មាំជាតិអ៊ុយក្រែន ម្នាក់ បានបាញ់ប្រហារទៅលើកងសន្តិសុខ នៅរោងចក្រយោធាមួយកន្លែង នៅកណ្តាល ប្រទេសអ៊ុយក្រែន បណ្ដាលឲ្យមានអ្នករងរបួស និងស្លាប់ ហើយជនសង័្សយ បានរត់គេចខ្លួន។
ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងថា ការបាញ់ប្រហារ នៅក្នុងរោងចក្រផលិតកាំជ្រួចមីស៊ីល នៅទីក្រុង Dnipro នាភាគកណ្តាល ប្រទេសអ៊ុយក្រែន បានកើតឡើង កាលពីព្រឹក ថ្ងៃទី២៧ ខែមករា (ពេលវេលាក្នុងតំបន់) ខណៈកម្លាំងការពារទទួលបានការផ្តល់អាវុធ នៅរោងចក្រ Pivdenmash។ នៅក្នុងឧបទ្ទវហេតុនោះ បានបណ្ដាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀត រងរបួស។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ ឈ្មោះ Artem Ryabchuk មានតួនាទីជា​កងកម្លាំងឆ្មាំ​ជាតិអ៊ុយក្រែន។ ប៉ុន្ដែមូលហេតុ នៃការបាញ់ប្រហារនោះ គឺមិនទាន់ដឹង នៅឡើយ៕