រដ្ឋធានីណៃពិដោរ៖ ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក ពួកយោធា បាន និង កំពុងតែបង្កើនសកម្មភាពយ៉ាងសាហាវឃោរឃៅទៅលើប្រជាពលរដ្ឋរបស់ខ្លួន។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា បើតាមអង្គការជាតិឈិន ហៅកាត់ CNO បាន អះអាងថា របបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែមករា បានចាប់ឃុំខ្លួនមន្រ្ដីរដ្ឋការស៊ីវិល ចំនួន៩នាក់ ដែលបានធ្វើកូដកម្ម មិនទៅបម្រើការងារ។ ក្រៅពីនេះ របបសឹក ក៏មានបញ្ជីឈ្មោះមន្ត្រីរដ្ឋការ ដែលបានចូលរួមចលនា មិនគោរពតាមច្បាប់របស់មន្រ្ដីរដ្ឋការស៊ីវិល (CDM) ។

អ្នកនាំពាក្យ CNO បានបញ្ជាក់ថា មន្រ្ដីរដ្ឋការស៊ីវិលដែលបានធ្វើកូដកម្ម ហើយត្រូវចាប់ឃុំខ្លួនទាំងនោះ រួមមាន សាស្រ្ដាចារ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិក មកពីនាយកដ្ឋានអន្ដោប្រវេសន៍ និង ទំនាក់ទំនង។ សកម្មភាពរបស់រដ្ឋាភិបាលសឹក នាពេលនេះ បានកើតឡើង ក្រោយពេល CNO និង កម្លាំងការពារសញ្ជាតិឈិន (CNDF) បានព្រមានថា សាស្រ្ដាចារ្យទាំងអស់ មិនត្រូវទៅធ្វើការ នៅពេលសាលារៀន បើកដំណើរការឡើងវិញ៕