មិត្តភាព ​គឺជា​​គ្រឿងផ្សំនៃរសជាតិជី​វិតដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ​ព្រោះការរស់នៅរបស់មនុស្សចាំបាច់ត្រូវមានពឹងពាក់គ្នាទៅវិញទៅមក ប៉ុន្តែមិត្ត ត្រូវបានគេធ្វើការបែងចែកជាពីរ  ទីមួយមិត្តដែលនាំមកនូវការជួយជ្រោមជ្រែង  រីឯមិត្តមួយទៀត​ ​គឺជាមិត្តដែលនាំមកនូវក្តីវិនាស​និងសេចក្តីហិនហោច។អឹចឹងហើយ អត្ថបទនេះយើងនឹងប្រាប់ពីមនុស្សប្រភេទណាខ្លះដែលអ្នកមិនគួររាប់អាន។

  •  មិត្តគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន : អ្នកមិនគួរសេពគប់មិត្តប្រភេទនេះបន្តទៅទៀតទេ  ព្រោះគេហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីបំពេញផលចំណេញរបស់ខ្លួនគេ ​ដោយមិនខ្វល់ពីផលប៉ះពាល់អវិជ្ជមានដល់មិត្តភក្តិរបស់ខ្លួនឡើយ  ហើយគេក៏ជម្រុញអ្នកអោយធ្លាក់ទៅក្នុងអំពើរអបាយមុខ  ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននេះដែរ​។

 

  • មិត្តដែលនិយាយល្អតែចំពោះមុខ  : មិត្តមួយចំនួនចូលចិត្តណាស់និយាយល្អ​ សរសើរតែចំពោះមុខ  តែនៅពីក្រោយខ្នង និយាយរិះគន់ពីចំនុចអាក្រក់របស់អ្នកដទៃទៅវិញ  មិត្តប្រភេទនេះ សូមកុំយកខ្លួនបៀត  ព្រោះអាចនឹងនាំផលមិនល្អដល់អ្នកនៅថ្ងៃណាមួយក៏ថាបាន ដោយសារតែមាត់នេះឯង។

 

  • មិត្តនាំទៅរកសេចក្តីវិនាស  : មិត្តប្រភេទនេះអ្នកអាចសង្កេតតាមរយះសកម្មភាពប្រចាំថ្ងៃរបស់គេ ​ដូចជាការលេងល្បែង  ការសេពគ្រឿងញៀនជាដើម  ។មិត្តប្រភេទនោះ  បើអ្នករាប់អានកាន់តែយូរ អ្នកកាន់តែហិនហោចទៅបន្តិចម្តងៗ  នៅពេលដែលគេទាល់ច្រក ​គេក៏អាចប្រព្រឹត្តអំពើរខុសច្បាប់ណាមួយមកដល់អ្នកបានដូចគ្នាដែរ ​។

 

  • មិត្តដែលនិយាយហៃអើ​    :  ​មិត្តប្រភេទនេះ​​មិនគួរយកខ្លួនមកសេពគប់ទេ ​ព្រោះវាគ្មានផលចំណេញ ​មិត្តដែលបានត្រឹមតែហៃអើរបន្ទោរពីក្រោយ នៅពេលដែលអ្នកជោគជ័យគេនឹងនៅក្បែរអ្នក ​តែនៅពេលអ្នកបរាជ័យវិញ  គេ​​ប្រាកដជារត់ចោលអ្នកមិនខាន​។