រដ្ឋធានីណៃពិដោរ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ជាបន្ដបន្ទាប់ រវាងកម្លាំងចលនាតស៊ូជាច្រើនក្រុម និង កងទ័ព នៃរបបសឹក ដោយបានបណ្ដាលឲ្យយោធារដ្ឋាភិបាលមីយ៉ាន់ម៉ា ចំនួន៤០នាក់ បាត់បង់ជីវិត។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា កម្លាំងចលនាតស៊ូជាច្រើនក្រុម បានវាយប្រហារយ៉ាងសន្ធាប់ទៅលើនាវាយោធាចំនួន៨របស់កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងតំបន់ប្រជុំជន Kani តំបន់ Sagaing ។ សកម្មភាពបង្ហូរឈាមគ្នាយ៉ាងសាហាវនេះ បានកើតឡើងជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយបានធ្វើឲ្យកងទ័ពរបបសឹកមីយ៉ាន់ម៉ា ចំនួន៤០នាក់បាត់បង់ជីវិត។

នាវារបស់កងទ័ពរដ្ឋាភិបាល ដែលរងការវាយប្រហារទាំងនោះ រួមមាន កប៉ាល់ចំនួន៦គ្រឿង និង ទូកម៉ាស៊ីន ចំនួនពីរគ្រឿង។ ហេតុការន៍នេះ បានកើតឡើង នៅក្នុងអំឡុងពេលរបបសឹក បានដឹកបញ្ជូនកងទ័ពជាង១០០នាក់ ស្បៀងអាហារ និង គ្រឿងសព្វាអាវុធ បញ្ជូនតាមដងទន្លេ Chindwin ទៅកាន់តំបន់ផ្នែកខាងលើ នៃប្រទេសមីយ៉ាន់ម៉ា ដោយចេញពីទីក្រុង Monywa ។

កម្លាំងការពារប្រជាជន ប្រចាំនៅតំបន់កានី និង Kyauk Lone Gyi ហៅកាត់ KPDF-KLG កាលពីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានអះអាង ពីការសម្លាប់កងទ័ពរបស់របបសឹក ចំនួន២០នាក់ នៅក្នុងការវាយប្រហារទៅលើនាវាយោធា ចំនួន៣លើក ជាមួយនឹងកម្លាំងការពារប្រជាជន (PDF) ប្រចាំក្នុងតំបន់នេះ។ ក្រៅពីនេះ PDF ក៏បានបាញ់ឆេះនាវាមួយគ្រឿងរបស់កងទ័ពរបបសឹក បន្ថែមទៀត៕