អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក Joe Biden បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃទី២៨ ខែមករា ដោយសន្យាថានឹងគាំទ្រទីក្រុង Kiev ក្នុងការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី។

នៅក្នុងការសន្ទនាជាមួយលោក Zelensky ប្រធានាធិបតី Biden បាននិយាយថា សហរដ្ឋអាមេរិកតែងតែត្រៀមខ្លួនជាស្រេចជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ភាគីអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុង ពង្រីកវិធានការដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ក្នុងបរិបទនៃការកសាងកម្លាំងយោធារបស់រុស្ស៊ី។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យពលរដ្ឋចាកចេញពីអ៊ុយក្រែន លោក Biden បានប្រាប់លោក Zelensky ថាស្ថានទូតអាមេរិកនៅតែបើក និងនៅដំណើរការធម្មតា។

លោក Zelensky បានថ្លែងអំណរគុណដល់លោក Biden សម្រាប់ការផ្ទេរសព្វាវុធរបស់សហរដ្ឋអាមេរិក ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនផងដែរ។

លើសពីនេះ អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី ៣១ ខែមករា ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​អ៊ុយក្រែន ៕