តាមការចេញផ្សាយរបស់ក្រសួងព័ត៌មានអោយដឹងថា សហគមន៍កសិកម្មអូររាំងឪមានជ័យបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជា កសិករក្នុងបណ្ដុំ តាមរយៈការបង្រៀនពីការដាំដុះបន្លែឱ្យទទួលបានទិន្នផលខ្ពស់ទាំងគុណភាពនិងបរិមាណពិសេសធានានិរន្តរភាពបន្លែនៅលើទីផ្សារ ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន។

លោក ហាន សុខមឿន ប្រធានសហគមន៍កសិកម្មអូរ រាំងឪមានជ័យនៅខេត្តត្បូង ឃ្មុំ បានលើកឡើងថា “ការបង្កើតឱ្យមានជាសហ គមន៍បន្លែពិតជាផ្ដល់អត្ថប្រ យោជន៍ជាច្រើនសម្រាប់ប្រជា កសិករនៅតាមមូលដ្ឋានដោយសារការចងជាបណ្ដុំឬសហគមន៍នេះ ធ្វើឱ្យប្រជា ពលរដ្ឋទទួលបានការបណ្ដុះបណ្ដាលថ្មីៗពីមន្ទីរកសិកម្មខេត្តឬ អង្គការដៃគូផ្សេងៗ ពីរបៀបជ្រើសរើសពូជ របៀបដាំដុះបន្លែសុវត្ថិភាព របៀបថែទាំ របៀបតប្រព័ន្ធស្រោច ស្រព ដើម្បីធ្វើឱ្យបន្លែទទួលបានការលូតលាស់ល្អមិនសូវមានសត្វល្អិតបំផ្លាញ និងមានសុវត្ថិភាពទាំងអ្នកផលិតនិងអ្នកទទួលទាន។”

លោកក៏បានបន្តទៀតថា សព្វថ្ងៃនេះប្រជាកសិករនៅក្នុងបណ្ដុំបានដាំដុះបន្លែដោយឆ្លាស់វេនគ្នាទៅតាមតម្រូវការអតិថិជនធ្វើយ៉ាងណាមិនឱ្យភោគផលដែលផលិតបានលើសពីតម្រូវ ការទីផ្សារឡើយ។ លើសពីនេះទៅទៀត សហគមន៍នេះក៏បានជួយធ្វើជាស្ពានសម្រាប់ចម្លងអ្នកផលិតនិងអ្នកទិញយ៉ាងល្អដោយមិនបារម្ភពីទីផ្សារក្នុងការលក់ចេញឡើយ។

លោកហាន សុខមឿន ក៏បញ្ជាក់ថា សហគមន៍អូររាំងឪមានជ័យមានសមាជិ កទាំងអស់ ៤០ គ្រួសារ ដែលដាំដុះបន្លែជាច្រើនដូចជា សណ្តែកគួរ ម្រះ ជី ត្រសក់ ននោង ឆៃថាវ ស្ពៃតឿ និងស្ពៃក្រញាញ់ ហើយតាមរយៈសហគមន៍បានផ្សារភ្ជាប់ឈ្មួញមកទទួលទិញបន្លែទាំងអស់នោះដល់ចម្ការតែម្ដង៕

ប្រភព: ក្រសួងព័ត៌មាន