ប្រទេសស្លូវ៉ាគី៖ ក្រុមហ៊ុន Klein Vision ដំបូងគេបង្អស់ក្នុងប្រទេសស្លូវ៉ាគី  បាននិយាយថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អ្នកទាំងអស់គ្នានឹងបានឃើញរថយន្តហោះដែលជាបច្ចេកវិជ្ជាទំនើបដែលទើបតែបង្កើតថ្មីពីក្រុមហ៊ុនរបស់ខ្លួនផ្ទាល់។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយឈ្មោះថា Klein Vision ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងមានមូលដ្ឋាននៅប្រទេសស្លូវ៉ាគី បានបង្ហាញពីផលិតផលដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍មួយទាក់ទងនិងការបង្កើតនូវរថយន្តហោះហើររបស់ពួកគេ ដែលដាក់ឈ្មោះថា AirCar។ ក្នុងនោះលក្ខណៈរបស់ឡានមួយប្រភេទនេះវាមានស្លាបដែលអាចដកបាន ក៏ដូចជាផ្នែកខាងក្រោយនៃរថយន្ត អាចបត់បាន និងមានបំពាក់ដោយឆ័ត្រយោង ព្រមទាំងម៉ាស៊ីន BMW ១៦០ hp ហើយក៏មានសមត្ថភាពអាចហោះហើរក្នុងរយៈកម្ពស់ ១៨,០០០ ហ្វីត និងឈានដល់ល្បឿនជាមធ្យម ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង និងរឹតតែពិសេសពេលចុះចត យន្តហោះមួយនេះនឹងត្រូវបានប្តូរទៅជារថយន្តភ្លាមៗមួយរំពេច។

ដោយឡែក AirCar ត្រូវបានបញ្ជាក់ដោយអាជ្ញាធរ ដឹកជញ្ជូនប្រទេសស្លូវ៉ាគី បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តហោះហើរយ៉ាងម៉ត់ចត់រយៈពេល ៧០ម៉ោង រួមទាំងការឆ្លងកាត់ស្តង់ដាររបស់ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុបផងដែរ។ អ្នកនាំពាក្យរបស់ Klein Vision បាននិយាយថា ផលិតផល AirCar របស់ពួកគេគឺត្រៀមខ្លួនរួចជាស្រេចសម្រាប់ការមានពាណិជ្ជកម្ម ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកក្នុងរយៈពេល ១២ ខែខាងមុខឆាប់ៗនេះ៕ Thairath