រដ្ឋធានី Tegucigalpa ៖ ស្រ្ដីហុងឌូរ៉ាស់ដំបូងបង្អស់ បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតី នៅក្នុងប្រទេសអាមេរិកកណ្ដាលមួយនេះ ហើយលោកស្រី នឹងដឹកនាំប្រទេសមួយនេះ ងាកទៅរកទំនាក់ទំនងដ៏ល្អជាមួយនឹងដែនកោះតៃវ៉ាន់ ដែលចិននៅតែប្រឆាំងនឹងប្រទេសណាទទួលស្គាល់ក្រុងតៃប៉ិ។

លោកស្រី Xiomara Castro ប្រធានាធិបតីជាប់ឆ្នោតរបស់ហុងឌូរ៉ាស់ (Honduras) បានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោយជំនួបជាមួយនឹងលោក William Lai អនុប្រធានាធិបតីតៃវ៉ាន់ ដែលមានភាពរង្គោះរង្គើចំណងការទូតថា ហុងឌូរ៉ាស់ សូមថ្លែងអំណរគុណដល់ការគាំទ្ររបស់តៃវ៉ាន់ ហើយសង្ឃឹមថា រដ្ឋាភិបាលទាំង២ នឹងនៅតែរក្សាទំនាក់ទំនងល្អនឹងគ្នាឡើងវិញ។

ហុងឌូរ៉ាស់ ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេស ចំនួន១៤ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ខណៈចិនអះអាងថា ជាអាណាខេត្តរបស់ខ្លួន។ លោកស្រី Castro បានបណ្ដែតគំនិត ចង់បោះបង់ចោលទីក្រុងតៃប៉ិ ហក់ទៅចាប់ទីក្រុងប៉េកាំង នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់នាង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសចិននៅតែបង្កើនសម្ពាធយ៉ាងខ្លាំង ដើម្បីកាត់បន្ថយការបោះជំហាន នៅលើឆាកអន្តរជាតិរបស់តៃវ៉ាន់ ដោយក្រុងប៉េកាំង ចាត់ទុកដែនកោះ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ថា ជាផ្នែកមួយ នៃទឹកដីរបស់ប្រទេសចិន មិនអាចសិទ្ធិ នៅក្នុងទំនាក់ទំនង រវាងរដ្ឋ និងរដ្ឋ បានឡើយ។

លោកស្រី Xiomara Castro ប្រធានាធិបតីជាប់ឆ្នោតរបស់ហុងឌូរ៉ាស់ (Honduras) បានថ្លែង ថា ពលរដ្ឋ និងរដ្ឋាភិបាលហុងឌូរ៉ាស់ សូមថ្លែងអំណរគុណដល់ក្រុងតៃប៉ិ។ ការថ្លែងបែបនេះ បានកើតឡើង នៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បន្ទាប់ពីជំនួបជាមួយនឹងអនុប្រធានាធិបតីតៃវ៉ាន់ នៅក្នុងពិធីសម្ពោធឡើងកាន់តំណែងរបស់លោកស្រី។

នៅក្នុងជំនួបនោះដែរ អនុប្រធានាធិបតីតៃវ៉ាន់ បានចរចាជាផ្លូវការជាមួយនឹងលោកស្រី Castro ហើយសន្យាបញ្ជូនសម្ភារវេជ្ជសាស្រ្ដទៅជួយដល់ប្រទេសជាប់នឹងឆ្នេរសមុទ្រការីបប៊ីន (Caribbean) មួយនេះ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ លោកស្រី Kamala Harris អនុប្រទេសនាធិបតីសហរដ្ឋអាមេរិក ក៏នឹងចូលរួមពិធីឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោកស្រី Castro ដែលផ្តល់ឱកាសឱ្យអនុប្រធនាធិបតីតៃវ៉ាន់ ជួបជាមួយនឹងលោកស្រី ទោះបីជាមន្ត្រីអាមេរិក បានស្នើទៅកាន់ Reuters ថា នឹងមិនមានកិច្ចប្រជុំផ្លូវការក៏ដោយ៕