ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ  ថាទីផ្សារលើវិស័យអចលនទ្រព្យនាពេលសព្វថ្ងៃនេះ​​ ​កំពុងរីកដូចផ្សិត​ មិនថានៅរាជធានីភ្នំពេញ​​ ​ឬ​​នៅតាមបណ្តាលខេត្តឡើយ  ទន្ទឹមនឹងវិស័យនេះ  កំពុងតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក  និង  ក្រៅស្រុក ប៉ុន្តែក៏មានអ្នកទិញមិនតិចទេ​​ ដែលត្រូវទឹកភ្នែកជូតក្បាលជង្គង់ ព្រោះតែការចាញ់បោកឈ្មួញខិលខូចមួយចំនួន បានក្លែងបន្លំលបលួចយកដីផ្ទះខ្សល់មកលក់ជូនអតិថិជន  នេះហើយគឺជាបញ្ហាដែលប្រជាពលរដ្ឋបានជួបប្រទះនាពេលកន្លងមក។ ដើម្បីកុំអោយខាតបង់លុយកាក់កំលាំងញើសឈាមយើងខំរកទាំងលំបាក  ឬជាប្រាក់ដែលបានមកពីការខ្ចីបុលពីធនាគារទៀតនោះ  មុនសម្រេចចិត្តទិញផ្ទះ​​  ​អ្នកទិញត្រូវមើលទៅលើចំនុច  ៣​ នេះជាមុនសិន។

១ – ត្រូវសិក្សាលើផ្លូវច្បាប់អោយបានច្បាស់លាស់ ​ថាតើដីនៅតំបន់នោះ  ស្ថិតនៅក្នុងដី  ស្របច្បាប់ដែរឬទេ?  តើមានច្បាប់អនុញ្ញាតអោយ​ ពុះលក់ ​ត្រឹមត្រូវឬអត់?  ឬលោកអ្នកគួរតែធ្វើការស៊ើបសួរពីអាជ្ញាធរពាក់ពន្ធ័  និង​​មេឃុំ  ឬ​​មេភូមិសិន  ដើម្បីបញ្ជាក់ថា  ដី ​ឬ​​បុរីនោះ  មិនមានការបោកប្រាស់។

២  – អ្នកត្រូវតែដឹងពីប្រវត្តិក្រុមហ៊ុន  ថាតើក្រុមហ៊ុននោះជាក្រុមហ៊ុនអ្វី​​ ?មានចុះបញ្ជីច្បាស់ទេ  ធ្លាប់មានប្រវត្តិបញ្ហាឬ​​ទំនាស់ជាមួយអតិថិជនពីមុនដែរឬទេ?

៣  – សូមធ្វើការពិចារណា ប្រសិនបើដី​​  ឬ​​ជាប្រភេទគម្រោងបុរីថោកៗ  គ្មានការប្រាក់នោះ  លោកអ្នកគួរតែពិចារណាអោយបានមត់ចត់បំផុត​ លោកអ្នកមិនអាចទុកចិត្តបានទេ  បើទោះជាតំលៃលក់នោះ  ស្ថិតនៅក្នុងតំលៃទាបក៏ដោយ៕