រដ្ឋធានីវ៉ាស៊ីនតោន៖ នៅទីបំផុត សហរដ្ឋអាមេរិក បានរកឃើញពីទោសកំហុសរបស់មេបញ្ជាការកងទ័ពជើងទឹករបស់ខ្លួនម្នាក់ បានទទួលសំណូកសូកប៉ាន់ និង សេវាកម្មស្រីផ្កាមាស ពីក្រុមហ៊ុនកុងត្រាលើវិស័យការពារជាតិបរទេស មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី ដើម្បីជាថ្នូរនឹងការដោះដូរនូវព័ត៌មានសម្ងាត់របស់រដ្ឋ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា មេបញ្ជាការកងទ័ពជើងទឹកម្នាក់របស់សហរដ្ឋអាមេរិក បានសារភាពថា គាត់បានទទួលទោសកំហុស នៅក្នុងការទទួលយកប្រាក់សំណូក ចំនួន ២៥០ ០០០ដុល្លារ និង សេវាកម្មស្រ្ដីពេស្យាចារ ពីក្រុមហ៊ុនម៉ៅការ លើវិស័យការពារជាតិរបស់បរទេស ជាថ្នូរនឹងការផ្ដល់ព័ត៌មានសម្ងាត់របស់រដ្ឋ។

លោក Stephen Shedd ជាមេបញ្ជាការទទួលបន្ទុកព័ត៌មានរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានផ្តល់ព័ត៌មានសម្ងាត់ទៅឱ្យក្រុមហ៊ុនមួយ ឲ្យជួយក្លែងបន្លំដល់កងទ័ពជើងទឹក នូវទឹកប្រាក់ចំនួន៣៥ពាន់លានដុល្លារ។ សកម្មភាពនេះ ជាករណីចុងក្រោយបំផុត នៅក្នុងរឿងអាស្រូវពុករលួយដ៏អាក្រក់បំផុតមួយ ត្រូវប្រឈមមុខនឹងកងទ័ពជើងទឹក។ ចំណែកមន្រ្ដីពាក់ព័ន្ធរាប់សិបនាក់ផ្សេងទៀត ក៏ត្រូវបានចាប់ឃុំឃាំង ផងដែរ។

លោក Stephen Shedd ជាមន្រ្ដីកងទ័ពជើងទឹកមួយរូប នៅក្នុងចំណោមមន្រ្ដីពាក់ព័ន្ធ ចំនួន៩នាក់ នៃកងនាវាទី៧របស់សហរដ្ឋអាមេរិក មានមូលដ្ឋាន នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ហើយត្រូវបានគណៈវិនិច្ឆ័យដ៏ធំរបស់សហព័ន្ធន៍ ចោទប្រកាន់ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេ នៅក្នុងរឿងអាស្រូវពុករលួយនេះ។ គាត់ក៏ជាមន្ត្រីកងទ័ពជើងទឹកទី៣ បានសារភាពពីទោសកំហុសរបស់ខ្លួន។

បើតាមក្រសួងយុត្ដិធម៌របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា លោកមេបញ្ជាការកងទ័ពជើងទឹក Stephen Shedd និង មន្រ្ដីកងទ័ពជើងទឹកផ្សេងទៀត បានទទួលពិធីជប់លៀងអាហារពេលល្ងាចមួយ ដោយមានទាំងស្រីផ្កាមាសកំដរ និង មានការជូនដំណើរដ៏អធិកអធមថែមទៀតផង។ សកម្មភាពទាំងអស់នេះ ក៏ជាថ្នូរនឹងការទម្លាយអាថ៌កំបាំងខាងវិស័យយោធា និង ឥទ្ធិពលដ៏ខ្លាំង ទៅដល់ក្រុមហ៊ុន Glenn Defense Marine Asia (GDMA) ដែលជាក្រុមហ៊ុនមួយ មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើង ដោយជនជាតិម៉ាឡេស៊ី ឈ្មោះ Leonard Glenn Francis ៕