យល់ដឹង៖ ទឹកភ្នែកមិនគ្រាន់តែហូរនៅពេលអ្នកសោកសៅ រីករាយ ឬភ័យខ្លាចនោះទេ  ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ជួយឱ្យភ្នែកមាន សំណើម ជួយកម្ចាត់ធូលីកម្ទេចកម្ទី ដែលមានក្នុងភ្នែករបស់យើងថែមទៀតផង  ហើយមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ និងចិត្តរបស់យើងបានយ៉ាងល្អ។

ទឹកភ្នែកក្នុងមួយឆ្នាំៗ រាងកាយមនុស្សផលិតទឹកភ្នែកច្រើនជាង ៥៥-១១០ លីត្រ ក្រៅពីទឹកភ្នែកដែលហូរចេញពីអារម្មណ៍ផ្សេងៗ ភ្នែកក៏ផលិតទឹកភ្នែកប្រភេទផ្សេងទៀតដែរ ដោយចែកចេញជា ៣ ប្រភេទ៖

១. ទឹករំអិលលាងភ្នែក៖  វាជាទឹកដែលនៅក្នុងភ្នែករបស់អ្នកគ្រប់ពេលវេលា ដើម្បីបង្កើតជាតិរំអិល  ចិញ្ចឹម និងការពារកញ្ចក់ភ្នែករបស់យើង  វាក៏ជាខែលការពារភ្នែកពីភាគល្អិតធូលីផ្សេងៗផងដែរ។

២. ទឹកភ្នែកពីការរំញោចខាងក្រៅ៖  វាត្រូវបានបង្កើតឡើងតែនៅពេលដែលភ្នែកត្រូវការលុបបំបាត់ សារធាតុរលាកដែលបង្កគ្រោះថ្នាក់ដូចជាវត្ថុផ្សែងៗ ឬសារធាតុខ្លះ ដូជាខ្ទឹមបារាំងជាដើម ទឹកភ្នែកទាំងនេះត្រូវបានផលិតក្នុងបរិមាណច្រើនជាងទឹកសាបធម្មតា ហើយអាចមានអង្គបដិបក្ខសម្រាប់ ជួយប្រឆាំងនឹងបាក់តេរីផ្សេងៗផងដែ។

៣. ទឹកភ្នែកនៃអារម្មណ៍៖  ទឹកភ្នែកឆ្លើយតបទៅនឹងអារម្មណ៍ ដូចជាសោកសៅ ភាពរីករាយ ការភ័យខ្លាចជាដើម ដោយអ្នកវិទ្យាសាស្ត្រខ្លះប៉ាន់ស្មានថាទឹកភ្នែកនៃអារម្មណ៍អាចមានផ្ទុកនូវអរម៉ូន និងប្រូតេអ៊ីនផ្សេងទៀតដែលមិនត្រូវបានរកឃើញនៅក្នុងទឹករំអិលសម្រាប់បញ្ចេញ់លាងភ្នែកខាងក្រៅនោះទេ៕