រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ គេកាន់តែមើលឃើញយ៉ាងច្បាស់ អំពីដើមចម និង មហិច្ឆតារបស់ក្រុងមូស្គូ នៅក្នុងការបញ្ជូនកងទ័ពរបស់រុស្ស៊ី ជាង១០០ ០០០នាក់ ទៅកាន់ព្រំដែន ជាប់នឹងប្រទេសជារដ្ឋរបស់អតីតសហភាពសូវៀត ដោយមានគោលបំណង រារាំងអ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ តែការទាមទារនេះ ត្រូវបានសហរដ្ឋអាមេរិក ច្រានចោល។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក បានច្រានចោលនូវការទារមទាររបស់រុស្ស៊ី រារាំងដល់ប្រទេសអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «NATO»វ។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានកើតឡើង ចំពេលមានការព្រមានដល់រុស្ស៊ី អាចនឹងឈ្លានពានដល់ប្រទេសជិតខាងរបស់ខ្លួន។

លោក អែនតូនី ប្លីនខែន (Antony Blinken) បានបញ្ជាក់ថា សហរដ្ឋអាមេរិកជំរុញឲ្យមានការដោះស្រាយវិបត្ដិអ៊ុយក្រែន ដោយសន្ដិវិធី។ ក្រុងវ៉ាស៊ីនតោន នឹងមិនបានផ្តល់សម្បទានណាមួយដល់រុស្ស៊ី នោះទេ ប៉ុន្តែលោករដ្ឋមន្រ្ដី បានបន្ថែមថា លោកនឹងផ្តល់ឲ្យរុស្ស៊ី នូវ «ផ្លូវការទូតដ៏ធ្ងន់ធ្ងរមួយ ឆ្ពោះទៅមុខ ប្រសិនបើរុស្ស៊ីជ្រើសរើស យកការឈ្លានពាន»។

ដោយឡែក រដ្ឋមន្រ្ដីមួយរូបរបស់រុស្ស៊ី បានបញ្ជាក់ថា ប្រទេសរបស់គាត់ នឹងសិក្សា ចំពោះការឆ្លើយតបរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលធ្វើឡើង ដោយមានការសម្របសម្រួលជាមួយនឹងអង្គការណាតូ។

ប្រទេសរុស្ស៊ីបានចេញបញ្ជីជាលាយលក្ខណ៍អក្សរ អំពីចំណុច នៃការព្រួយបារម្ភរបស់ខ្លួន ជុំវិញការពង្រីកសម្ពន្ធមិត្តយោធារបស់ណាតូ និង បញ្ហាសន្តិសុខពាក់ព័ន្ធ។ ទោះជាយ៉ាងណា រុស្សី នៅតែទាមទារឲ្យអង្គការណាតូ ច្រានចោលលទ្ធភាពរបស់អ៊ុយក្រែន និង ប្រទេសជារដ្ឋរបស់អតីតសហភាពសូវៀត ចូលជាសមាជិករបស់អង្គការនេះ៕