រាជធានីបាងកក៖ ផ្ទះមួយខ្នង ត្រូវអគ្គីឆាបឆេះយ៉ាងសន្ធោសន្ធៅ ចំពេលម្ចាស់ផ្ទះកំពុងដេកលង់លក់ នៅក្នុងដំណេក បណ្ដាលឲ្យអ្នកជួយសង្គ្រោះម្នាក់ និងម្ចាស់ផ្ទះបាត់បង់ជីវិត ហើយស្រ្ដីជាប្រពន្ធ ត្រូវភ្លើងឆេះរលាករលួយពេញខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងខណ្ឌឈុមថុង (Chom Thong) ទីក្រុងបាកងកក។

លោកវរសេនីយ៍ Thianphat Klajai ប្រធានស៊ើបអង្កេតរដ្ឋបាលប៉ុស្ដិ៍ Bang Khunthian បានបញ្ជាក់ ថា គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅតាមផ្លូវលេខ៣០ នៅជាប់នឹងទឹកដីខណ្ឌ Bang Khunthian ក្រុងបាងកក។ ភ្លើងបានចាប់ផ្ដើមឆេះ នៅជាន់ខាងក្រោម ហើយបន្ដរាលដាលទៅដល់ជាន់ទី២ ខណៈក្រុមពន្លត់អគ្គិភ័យបានមកដល់ ហើយសមត្ថកិច្ចបានចំណាយពេល៣០នាទី ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំណែកផ្ទះត្រូវភ្លើងឆាបឆេះ បំផ្លាញអស់គ្មានសល់។

លោកវរសេនីយ៍ Thianphat Klajai បានបន្ថែមថា ជនរងគ្រោះ នៅក្នុងហេតុការណ៍នោះ រួមមាន បុរសជាម្ចាស់ផ្ទះ ឈ្មោះ Kittiphong Sondee អាយុ៣៦ឆ្នាំ (ស្លាប់) អ្នកជួយសង្គ្រោះមកពីមូលនិធិ Ruam Katanyu និង ឪពុកមារបស់គាត់ មានអាយុចន្លោះ ៥៥ និង ៦០ឆ្នាំ ហើយប្រពន្ធរបស់ម្ចាស់ផ្ទះ ឈ្មោះ Ratchanok Sondee អាយុ៣៦ឆ្នាំ នៅរស់រានមានជីវិត ដោយសារការលោតចេញមកខាងក្រៅផ្ទះទាន់ ប៉ុន្ដែគាត់បានរងរបួសធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា សមត្ថកិច្ចថៃ នៅមិនទាន់បានបញ្ជាក់ អំពីទំហំ នៃការខូចខាត ហើយមូលហេតុ នៃគ្រោះអគ្គិភ័យនេះ ក៏កំពុងតែស្ថិតក្នុងការស៊ើបអង្កេត នៅឡើយ៕