យល់ដឹង៖ ប្រសិនបើអ្នកយល់ថាស្នេហាគឺជារឿងដែលពិបាកយល់ នោះមានន័យថាអ្នកគិតខុសហើយ តាមពិតទៅស្នេហា គឺងាយយល់ណាស់ វាអាស្រ័យទៅនឹងដៃគូយើងម្នាក់ៗថាតើចង់ឱ្យស្នេហាមួយនេះក្លាយទៅជាបែបណា អ្នកចង់ឱ្យវាមានក្ដីសុខ អ្នកនឹងធ្វើទង្វើបែបនោះទៅកាន់ស្នេហា​របស់អ្នក ដូច្នេះស្នេហាគឺមិនពិបានកយល់នោះទេ។

តែមានមនុស្សមួយចំនួនធំបានយល់ថាស្នេហាគឺជារឿងដែលពិបាកយល់ និងយល់ខុសចំពោះទំនាក់ទំនងស្នេហាថាវារញ៉ែរញៃ៉។ ហើយខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអ្នកតែងតែយល់ខុសចំពោះស្នេហាមួយនេះ៖

១.ស្នេហាជាការលះបង់

ជាទូទៅអ្នកតែងតែយល់ថាស្នេហាគឺជាការលះបង់គ្រប់យ៉ាងដើម្បីមនុស្សជាទីស្រឡាញ់ អ្នកបានយល់ខុសទាំងស្រុងជាមួយនឹងរឿងមួយនេះ អ្នកអាចនឹងក្លាយជាអ្នកលះបង់រហូតហើយក៏អាចក្លាយជាជនរងគ្រោះ ព្រោះស្នេហាក៏ថាបាន បើអ្នកនៅតែប្រកាន់គំនិតបែបនេះ និងអ្នកគួរតែចេះធ្វើជាអ្នកទទួលបានពីស្នេហាមកវិញផង ដើម្បីឱ្យខ្លួនឯងមានក្ដីសុខខ្លះ។

២.មានស្នេហាច្បាស់ជាមានក្ដីសុខ

ស្នេហាគឺជារឿងដែលម្នាក់ៗចង់បាន និងយល់ថាវាពិតជាមានក្ដីសុខបើបានដៃគូជីវិតមករួមរស់ជាមួយគ្នា និងបន្តដំណើជាមួយគ្នា តែអ្នកយល់ខុសហើយ អ្នកអាចក្រឡែកមើលអ្នកមានគូមួយចំនួនដែលបានរៀបការហើយថាតើពួកគេមានក្ដីសុខឬអត់ ពិតណាស់អ្នកនឹងឃើញថាមានដៃគូខ្លះបានប្លាស់ប្ដូរគ្រប់យ៉ាង ព្រោះតែពេលវេលា និង ពួកគេក៏ត្រូវបានឆ្លងកាត់នូវរឿងរ៉ាវជូរចត់ជាមួយគ្នាជាច្រើនក្នុងជីវិតស្នេហានេះ។

៣. ការស្រឡាញ់គ្នាត្រូវតែនៅជាមួយគ្នារហូត

ការយល់ខុសដ៏ធ្ងន់អ្នកតែងគិតថា ការស្រឡាញ់គ្នា គឺត្រូវតែនៅក្បែរគ្នា ទៅណាមកណាត្រូវតែទៅជាមួយគ្នាជានិច្ច នេះមិនមែនស្នេហាដែលត្រឹមត្រូវនោះទេ ព្រោះមនុស្សម្នាក់ៗត្រូវតែមានសេរីភាពរៀងៗខ្លួន និងត្រូវការពេលវេលាផ្ទាល់ខ្លួនសម្រាប់គ្រួសារ និងមិត្តភ័ក្តិ ដូច្នេះបើអ្នកយកស្នេហាដើម្បីតែចងជើងគ្នានោះថ្ងៃណាមួយវានិងដាច់ទៅឆ្ងាយពីខ្លួនរបស់អ្នក មិនខាន។

៤. ស្រឡាញ់ត្រូវតែអត់ធ្មត់

ការយល់ឃើញថាស្រឡាញ់នរណាម្នាក់ស្មោះត្រូវតែអត់ធន់ អ្នកកំពុងតែគិតខុសហើយ អ្នកមិនគួរអត់ធ្មត់ជាមួយនឹងស្នេហា ដែលធ្វើឱ្យអ្នកឈឺចាប់នោះទេ រងទុក្ខ និង ជាមួយស្នេហាដែលមិនល្អនោះទេ អ្នកត្រូវតែដើរចេញ បើអ្នកមិនសម្រេចចិត្តដើរចេញ នោះអ្នកក៏នឹងទទួលរងទុក្ខជាក់ជាមិនខាន។

៥. គ្មានគេ អ្នកមិនអាចរស់បាន

វាពិតជាខុស ពិតជាខុសជាខ្លាំង ដែលអ្នកយល់បែបនេះ ការស្រឡាញ់គ្នាស្ម័គ្រស្មោះខ្វះគ្នាមិនបានពិតណាស់មានក្ដីសុខ តែបើស្ម័គ្រស្មោះខ្វះគេមិនបានតែម្ខាង គឺវាមិនត្រឹមត្រូវនោះទេ មិនថាគេឃ្លាតឆ្ងាយទៅទាំងមានជីវិត ឬ បែកទៅដោយការស្លាប់ អ្នករស់នៅតែអាចរស់នៅដោយគ្នាម្ខាងទៀតបាន មានជួបមានបែកជារឿងធម្មតា ហើយកុំគិតបែបនេះនៅក្នុងទំនាក់ទំនងស្នេហាទៀត។

៦. ត្រឹមស្រឡាញ់តែម្នាក់ឯងក៏គ្រប់គ្រាន់

ការស្រឡាញ់គេតែម្នាក់ឯងក៏គ្រប់គ្រាន់ ពាក្យនេះអ្នកអាចនិយាយតែពេលដំបូង តែពេលយូរៗទៅអ្នកប្រាកដជាឈឺចាប់ជាខ្លាំង ជាមួយនឹងការស្រឡាញ់គេតែម្ខាង ហើយចុងក្រោយអ្នកក៏បានបោះបង់ពាក្យថាស្រឡាញ់គេតែម្នាងក៏គ្រប់គ្រាន់ចេញ ព្រោះថាធាតុពិត វាមិនគ្រប់គ្រាន់នោះទេសម្រាប់ធម្មជាតិនៃស្នេហារបស់មនុស្ស តែវាជាការផ្ដល់ក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនោះទេ។

៧. មិនថាយ៉ាងណាត្រូវតែមានស្នេហាឱ្យបាន

ការយល់ឃើញថាពេលមានដៃគូរ គឺពិតជារឿងល្អក្នុងជីវិតមួយនេះ ហើយអ្នកក៏តែងតែព្យាយាមរត់តាមរកស្នេហាមកដាក់ក្នុងជីវិតឱ្យទាល់តែបាន ការធ្វើបែបនេះគឺពិតជារឿងដែលខុសធ្គោងជាខ្លាំង និងជារឿងដ៏គួរឱ្យអាម៉ាសជាខ្លាំង ព្រោះនៅពេលអ្នកព្យាយាមខ្លាំងពេក វាក៏បណ្ដាលឱ្យអ្នកមើលទៅហាក់ដូចជាមនុស្សដែលងប់ងុលនឹងរឿងស្នេហាខ្លាំងពេក ពេលខ្លះអ្នកអាចប៉ះមនុស្សដែលមិនស័ក្ដិសមនឹងអ្នក ក៏អ្នកទទួលយក ចុងក្រោយ គឺមានតែការឈឺចាប់៕