តារាល្បីមួយរូបដែលអ្នកណាក៏បានស្គាល់ថាជាតារាចម្រៀងដ៏ល្បីគឺ Rihanna ដែលនាងបានចេញមុខជួយដោះស្រាយវិបត្តិកម្ដៅផែនដី ដោយការបរិច្ចាគប្រាក់ចំនួន ១៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការកើនឡើងនៃកកម្ដៅផែនដីមួយនេះ។

កាលពីពេលថ្មីៗនេះតារាចម្រៀងដ៏ល្បីឈ្មោះទូទាំងពិភពលោក Rihanna  បានបរិច្ចាគទឹកប្រាក់ចំនួន ១៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការកើនឡើងនៃកកម្ដៅផែនដី ដោយនាងបានបរិច្ចាគតាមរយៈមូលនិធិ Clara Lionel ដែលនាងបានបង្កើតនិងបញ្ជូនបន្តទៅអង្គការចំនួន ១៨ នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួន ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល ដែលវាដំណើរការ និងផ្ដើមគំនិតរបស់សប្បុរសធម៌ StartSmall របស់ Jack Dorsey សហស្ថាបនិក Twitterផងដែរ ។ ក្នុងនោះតារាស្រីរូបនេះបាននិយាយអំពីការបរិច្ចាគនេះថា៖ “គ្រោះមហន្តរាយអាកាសធាតុ  ដែលមានកាន់តែញឹកញាប់ និងកាន់តែខ្លាំង វានឹងប៉ះពាល់ដល់សហគមន៍ទាំងអស់ដូចគ្នា”។ ជាពិសេសតំបន់ដែលងាយរងគ្រោះគឺជាតំបន់ប្រទេសស្បែកខ្មៅ និងប្រទេសដែលមានកោះប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរជាងគេ។

គួរបញ្ជាក់ផងដែរថា Rihanna ត្រូវបានគេស្គាល់រួចទៅហើយថានាងតែងតែចូលរួមចំណែកក្នុងសង្គមក្នុងឆ្នាំតាំងពីឆ្នាំ ២០១៧ នាងបានទទួលពានរង្វាន់មនុស្សធម៌ប្រចាំឆ្នាំពីសាកលវិទ្យាល័យ Harvard  ក្នុងនោះនាងក៏បានលើកឡើងអំពី ហេតុផល ផលប្រយោជន៍នៃការបរិច្ចាគ និងការអប់រំមួយចំនួន ព្រមទាំងការខិតខំផ្សេងៗ ក្នុងខណៈពេលដែលរូបនាងទទួលរង្វាន់៕ ប្រភព៖ Khaosod