រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ មានការបែកធ្លាយការសំឡេងសម្ងាត់មួយ នៅកិច្ចប្រជុំរបស់មន្រ្ដីក្រសួងសន្ដិសុខមីយ៉ាន់ម៉ា ដោយបានទទួលស្គាល់ ពីការបាត់បង់នូវការគ្រប់គ្រងតំបន់ជាច្រើន ហើយត្រូវបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ក្រុមចលនាតស៊ូ ប្រឆាំងនឹងអំពើរដ្ឋប្រហារយោធា។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា កិច្ចប្រជុំរបស់មន្រ្ដីសន្ដិសុខ ប្រចាំនៅតំបន់ Magwe ដែលត្រូវបានតែងតាំងដោយរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា របបសឹក បានបាត់បង់តំបន់គ្រប់គ្រង ចំនួន៦ ក្នុងចំណោមទីប្រជុំជន ចំនួន២៥ នៅក្នុងតំបន់នោះ ដោយសារមានការវាយប្រហារ ពីកម្លាំងការពារប្រជាជន ហៅកាត់ PDF ។ កិច្ចប្រជុំមន្រ្ដីថ្នាក់តំបន់នោះ ក៏បាននិយាយ អំពីរបៀបបញ្ចុះបញ្ចូលអ្នកស្រុក ឱ្យទទួលស្គាល់របបសឹកនេះ ជារដ្ឋាភិបាលស្របច្បាប់ ជំនួសរដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី អ៊ោងសាន់ ស៊ូជី ដែលបានឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល កាលពីឆ្នាំ២០២០។

បើតាមបណ្ដាញផ្សព្វផ្សាយ Khit Thit Media group បានផ្សាយថា លោកវរសេនីយ៍ Kyaw Kyaw Lin ប្រធានសន្ដិសុខប្រចាំតំបន់ បានសារភាពថា រដ្ឋបាលរបបសឹក បានបាត់បង់ទីប្រជុំជន ចំនួន៣ នៃស្រុក Gangaw ចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ក្រោយពេលចលនាតស៊ូរបស់កម្លាំងការពារប្រជាជន (PDF) បានបង្កើតឡើង។

មន្រ្ដីជាន់ខ្ពស់របបសឹកមីយ៉ាន់ម៉ា បានទទួលស្គាល់ថា ការិយាល័យរដ្ឋបាលកម្រិតថ្នាក់ស្រុក និង ទីក្រុង មិនអាចបំពេញតួនាទីរបស់ពួកគេបានឡើយ ហើយបុគ្គលិកជាច្រើន បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងទីក្រុងទាំងនោះ។

កម្លាំងការពារ Yaw ជាក្រុមមួយ នៅក្នុងចំណោមចលនាតស៊ូជាច្រើនទៀត នៅក្នុងស្រុក Gangaw បានបញ្ជាក់ ថា មន្រ្ដីរដ្ឋការ ជាង៨០ភាគរយ រួមមាន ចៅក្រម ប៉ូលិស មន្រ្ដី ក្រុមពន្លត់អគ្គិភ័យ និង មន្រ្ដីរដ្ឋបាល នៅក្នុងតំបន់ បានលាលែង ពីតំណែងរបស់ពួកគេ ក្រោយពេលក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋប្រហារ ប្រាប់ឲ្យលាលែង ពីតំណែងរបស់ពួកគេ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលសឹក បានបង្កើនការវាយប្រហារ នៅក្នុងស្រុក Gangaw ដោយដាក់ពង្រាយកងទ័ព និងការវាយប្រហារ តាមអាកាសរាប់ពាន់ដង។

លោកវរសេនីយ៍ Kyaw Kyaw Lin បានប្រាប់អង្គប្រជុំថ្នាក់តំបន់របស់ខ្លួន ហើយត្រូវបានធ្លាយសំឡេង ថា « ដូចអ្វីដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ រដ្ឋាភិបាលត្រូវតែអាចអនុវត្តនូវសិទ្ធិអំណាចរបស់ខ្លួន មកលើប្រជាជន។ ប៉ុន្ដែផ្ទុយទៅវិញ អង្គការចាត់តាំងនានា ជាក្រុមប្រឆាំងនឹងរបបសឹក បានបដិសេធនូវការគ្រប់គ្រងរបស់របបយោធា និងបានបង្កើតរដ្ឋាភិបាលថ្មី។ ចំណែក PDF ក៏កំពុងតែធ្វើការ សម្រាប់រដ្ឋាភិបាលរួបរួមជាតិស៊ីវិល NUG ឬ ហៅ រដ្ឋាភិបាលស្រមោល៕