រាជធានីកង់បេរ៉ា៖ នាវាដ៏ធំមួយគ្រឿងរបស់ប្រទេសអូស្ដ្រាលី បានដឹកជំនួយមនុស្សធម៌ទៅកាន់ប្រទេសតុងហ្កា ដែលរងគ្រោះពីរលកស៊ូណាមិ កំពុងតែរងការវាយប្រហារ ពីជំងឺកូវីដ-១៩ ដោយមាននាវិកជាច្រើននាក់ បានឆ្លងជំងឺដ៏កាចសាហាវនេះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា នាវារបស់ប្រទេសអូស្រ្ដាលី ដឹកជំនួយមនុស្សធម៌ ទៅជួយដល់ប្រទេសតុងហ្កា ដែលរងគ្រោះ ពីរលកស៊ូណាមិ បានផ្ទុះការឆ្លងជំងឺកូវីដ-១៩។ អ្នកឆ្លងចំនួន២៣ករណី គឺស្ថិតក្នុងចំណោមនាវិក នៃនាវា HMAS Adelaide ដែលបានចាកចេញពីអូស្រ្ដាលី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ទោះជាយ៉ាងណា លោក Peter Dutton រដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី បានប្តេជ្ញា ថា ករណីនេះ នឹងមិនធ្វើឱ្យប្រជាជនតុងហ្កា ប្រឈមនឹង«ហានិភ័យ» នោះឡើយ។

បើតាមក្រសួងការពារជាតិអូស្រ្ដាលី បានឲ្យដឹងថា នាវាដឹកជំនួយ HMAS Adelaide នឹងបន្តដំណើរទៅកាន់តុងហ្គា តាមការគ្រោងទុក ហើយគម្រោងនេះ នឹងទៅដល់ប្រទេសនោះ នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។ ក្រសួង បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា អូស្រ្ដាលី នឹងធានាថា ការផ្គត់ផ្គង់ជំនួយរបស់ខ្លួន ត្រូវបានចែកចាយ នៅក្នុង «លក្ខណៈមានសុវត្ថិភាព ពីជំងឺកូវីដ»។

ក្រសួងការពារជាតិអូស្រ្ដាលី បានបន្ថែមថា នាវាដឹកជំនួយ HMAS Adelaide នោះ មាននាវិក ជាង៦០០នាក់ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យគ្រប់បែបយ៉ាង ដោយរួមទាំងគ្រែពេទ្យ ចំនួន៤០ និង អាចព្យាបាលអ្នកឈឺក្នុងស្ថានភាពធ្ងន់ធ្ងរបាន។ អូស្រ្ដាលីបានដឹកជំនួយមនុស្សធម៌ តាមនាវា និងយន្ដហោះយោធា C-17 ទៅកាន់ប្រទេសតុងហ្កា នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ដែលរងគ្រោះដោយបន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ រហូតបង្កើតឲ្យមានរលកស៊ូណាមិ កាលពីពេលថ្មីៗនេះ៕