រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមហ៊ុនបង្កើតវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់ កំពុងតែចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដថ្មី ដោយផ្ដោតយ៉ាងសំខាន់ទៅលើវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំង នៅលើពិភពលោក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា ក្រុមហ៊ុន Pfizer និង BioNTech គ្រោងនឹងសាកល្បងលើការការពារ ដែលទទួលបាន ពីវ៉ាក់សាំងថ្មី សម្រាប់ជាដូសជំរុញ ហើយយកវ៉ាក់សាំង៣ប្រភេទផ្សេងទៀត សម្រាប់ចាក់លើមនុស្ស ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Moderna ក៏កំពុងមានគម្រោង សាកល្បងលើការចាក់វ៉ាក់សាំងយ៉ាងពិសេសរបស់ខ្លួន សម្រាប់វីរុសអូមីក្រុង នៅក្នុងពេលដ៏ឆាប់ៗនេះដែរ។ ចំណែក សាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស និង ក្រុមហ៊ុន AstraZeneca ក៏កំពុងតែចាប់ផ្ដើម សាកល្បងទៅលើវ៉ាក់សាំងថ្មីរបស់ខ្លួន សម្រាប់វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបង្កើតវ៉ាក់សាំងទាំងនោះ តែងតែមានគម្រោងកែប្រែវ៉ាក់សាំងកូវីដដំបូងរបស់ខ្លួន ខណៈការលេចចេញនូវវីរុសបំប្លែងខ្លួនថ្មី ជាពិសេស ការមកដល់ នៃអូមីក្រុង (Omicron) ដែលកំពុងតែឆ្លងរាតត្បាតយ៉ាងលឿនបំផុត នាពេលបច្ចុប្បន្ននេះ៕