រដ្ឋធានីយ៉ាអ៊ូនដេ (Yaoundé)៖ ប្រជាជាតិអាហ្វ្រិក បានចាប់ផ្ដើមប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាហ្រ្វិក (Africa Cup) នៅក្នុងប្រទេសកាមេរូន តែជាអកុសល ក៏មានហេតុការណ៍ដ៏អាក្រក់មួយ បានកើតឡើង នៅខាងក្រៅពហុកីឡដ្ឋាន ដោយបានបណ្ដាលឲ្យមានមនុស្ស យ៉ាងតិច៨នាក់ បាត់បង់ជីវិត និង រាប់សិបនាក់ផ្សេងទៀត រងរបួស។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា បើតាមឃ្លីបវីដេអូ មួយ បានបង្ហាញ ពីហ្វូងអ្នកគាំទ្របាល់ទាត់ ស្រែកទ្រហោយំ នៅច្រកទ្វារចូលកីឡដ្ឋាន Paul Biya ស្ថិតក្នុងរដ្ឋធានី Yaounde។

ដោយឡែក សាក្សីវិញ បានរៀបរាប់ ពីភាពច្របូកច្របល់ នៅខាងក្រៅពហុកីឡដ្ឋាន Paul Biya ដោយសារមានអ្នកគាំទ្របាល់ទាត់រាប់ម៉ឺននាក់ សម្រុកចូលទៅក្នុងពហុកីឡដ្ឋាននោះ។ សកម្មភាពបែបនេះ បានបង្កឲ្យមានការជ្រួលច្របល់ និងជាន់គ្នាស្លាប់ចំនួន៨នាក់ ហើយក្នុងនោះ មានម្នាក់ជាកុមារ។ ដោយឡែកមនុស្ស៣៨នាក់ផ្សេងទៀត បានរងរបួស ហើយក្នុងនោះមានមនុស្ស៧នាក់ មានស្ថានភាពធ្ងន់ធ្ងរ។

មន្រ្ដីរៀបចំការប្រកួត ត្រូវបានបណ្ដាញផ្សព្វផ្សាយ ដកស្រង់សម្ដី យកមកចុះផ្សាយ ដោយបានអះអាងថា ពហុកីឡដ្ឋាន Paul Biya ស្ថិតក្នុងរដ្ឋធានី Yaounde នេះ មានសមត្ថភាព អាចផ្ទុកអ្នកទស្សនា រហូតដល់៦០ ០០០នាក់។ ប៉ុន្ដែដោយសារវិធានការទប់ស្កាត់កូវីដ-១៩ គឺពហុកីឡដ្ឋាននេះ អាចអនុញ្ញាតឲ្យអ្នកទស្សនា មិនលើសពី៨០ភាគរយ ចូលមើលការប្រកួតពានរង្វាន់បាល់ទាត់ Afric Cup កាលពីថ្ងៃចន្ទ ទី២៤ ខែមករា ។ ដោយឡែក មនុស្សជាង៥០ ០០០នាក់ផ្សេងទៀត នៅតែព្យាយាមសម្រុកចូល។

ទោះជាយ៉ាងណា សហព័ន្ធន៍បាល់ទាត់អាហ្រ្វិក (ហៅកាត់ CAF) បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ថា CAF កំពុងស៊ើបអង្កេតលើករណីនេះ៕