ការស្រាវជ្រាវមួយបានរកឃើញថាភពអង្គារធ្លាប់មានជីវិតរស់នៅ ព្រោះការសិក្សាបង្ហាញថានៅលើភពនេះមានដានស្នាម ទឹកទន្លេ អូរ ស្រះ ជាពិសេស គឺសមុទ្រ ដែលមានវត្តមាន៣ពាន់លានឆ្នាំមុន។

ទោះបីជា ភពព្រះអង្គារ បានបង្ហាញថាសព្វថ្ងៃនេះជាភពមួយដែលមានអាកាសធាតុត្រជាក់និងស្ងួត  ប៉ុន្តែភ័ស្តុតាងពីការសង្កេតជាច្រើនទស្សវត្សរ៍របស់អ្នកស្រាវជ្រាវបានបង្ហាញថាផ្ទៃភពក្រហមបុរាណមួយនេះពោរពេញទៅដោយធនធានទឹករួមមាន ទន្លេ អូរ ស្រះ បឹង និងសមុទ្រ ដែលមានវត្តមានប្រហែល ៣ពាន់លានឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយវត្តមានទឹកនៅលើផែនដីជារឿយៗតែងបង្ហាញពីសញ្ញានៃជីវិតដែលធ្លាប់មាន ដូច្នេះសញ្ញាចាស់នៃទឹកនៅលើភពអង្គារនេះបានបង្ហាញពីលទ្ធភាពដែលភពជិតខាងរបស់យើងមួយនេះធ្លាប់មានជីវិតរស់នៅ។ ការរកឃើញនេះបន្ទាប់ពីអ្នកវិទ្យាសាស្ត្រភពនៅសកលវិទ្យាល័យ Paris-Saclay ក្នុងប្រទេសបារាំងបានរាយការណ៍ពីការស្រាវជ្រាវថ្មីមួយនេះបន្ទាប់ពីបានរៀបចំធ្វើបរិយាកាស៣D នៃបរិយាកាស និងទឹកបុរាណរបស់ភពព្រះអង្គារ ហើយក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញ និងលាតត្រដាងដូច្នេះថា ការរួមបញ្ចូលគ្នានៃបរិយាកាសជាមួយកាបូនឌីអុកស៊ីតនិងអ៊ីដ្រូសែនវាអាចនឹងចាប់យកកំដៅពីព្រះអាទិត្យដើម្បីឱ្យវាអាចកម្តៅសីតុណ្ហភាពផ្ទៃភពឱ្យបានគ្រប់គ្រាន់ដើម្បីរក្សាទឹកសមុទ្រដែលធ្លាប់មាន គេជឿថាមានមហាសមុទ្ររាវប្រហែលជានៅតំបន់ទំនាបភាគខាងជើងនៃភព ហើយគេជឿផងដែរថា មហាសមុទ្រនេះគួរតែនៅដដែលទោះបីជាសីតុណ្ហភាពមធ្យមនៃផ្ទៃភពគឺស្ថិតនៅក្រោមចំណុចនៃភាពត្រជាក់នៃទឹកក៏ដោយ។

យ៉ាងណាមិញការស្រាវជ្រាវនេះគេមិនដឹងច្បាស់ថាទឹកទៅណាអស់នោះទេ ប៉ុន្តែគេបានកត់សម្គាល់ថាទឹកភាគច្រើនប្រហែលជាកកនៅក្រោមផ្ទៃនៃភព ឬត្រូវបានបង្ខាំងដោយសារធាតុគីមីនៅក្នុងសារធាតុរ៉ែ ឬដោយសារតែវិទ្យុសកម្មពីព្រះអាទិត្យអាចបណ្តាលឱ្យម៉ូលេគុលទឹកបំបែកទៅជាអ៊ីដ្រូសែននិងអុកស៊ីហ៊្សែន ហើយចុងក្រោយឧស្ម័នអ៊ីដ្រូសែននឹងរសាតចេញពីលំហនៅនៃភពអង្គារមួយនេះ៕ ប្រភព៖ Thairath