រដ្ឋធានីណៃពិដោរ៖ ស្របពេលខួបគម្រប់១ឆ្នាំ នៃការធ្វើរដ្ឋប្រហារ កាន់តែខិតចូលមកដល់ផងនោះ សាធារណជន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា កំពុងតែលើកទឹកចិត្ត ជំរុញឲ្យមានការចូលរួម «ប្រយុទ្ធយ៉ាងស្ងប់ស្ងាត់» ក្រោមចំណើងជើងថា «តោះយើងប្រយុទ្ធ ដើម្បីមាតុភូមិ»។

សារព័ត៌មានភូមា Mizzima News បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា សកម្មជន និង បណ្ដាអង្គការជាច្រើន ដែលប្រឆាំងនឹងរដ្ឋប្រហារយោធា កំពុងតែជំរុញឲ្យប្រជាពលរដ្ឋភូមា នៅទូទាំងប្រទេស ចូលរួម «ប្រយុទ្ធយ៉ាងស្ងប់ស្ងាត់» នៅថ្ងៃទី១ ខែកុម្ភៈ ជាការរំឭកខួបគម្រប់១ឆ្នាំ នៃអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសរបស់ពួកគេ។ ការរំឭកខួបមួយឆ្នាំនេះ នឹងធ្វើឡើង នៅថ្ងៃទី១ ខែកុម្ភៈ ចាប់ពីវេលាម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច ដោយតម្រូវឲ្យពលរដ្ឋទាំងអស់ ស្នាក់នៅក្នុងផ្ទះ មិនទៅធ្វើការ មិនទៅកាន់ការិយាល័យ និងបិទហាងទាំងអស់។

ភាពស្ងប់ស្ងាត់ នៅតាមដងផ្លូវទាំងអស់ នៅទូទាំងប្រទេស នឹងបង្ហាញថា អំណាចគ្រប់គ្រងប្រទេស ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយពួកជនផ្ដាច់ការ នឹងមិនអាចក្លាយជាមេដឹកនាំប្រទេសរបស់ពួកគេនោះឡើយ។ ជាងនេះទៅទៀត សកម្មភាពនេះ ក៏ដើម្បីបង្ហាញទៅដល់ពិភពលោក ពីការសាមគ្គីភាពរបស់ប្រជាជនមីយ៉ាន់ម៉ា ប្រឆាំងនឹងរបបគ្រប់គ្រងរបស់ពួកយោធា មកលើប្រទេសរបស់ពួកគេ ថែមទៀតផង។

បើតាមសមាគមជំនួយអ្នកទោសនយោបាយ ហៅកាត់ AAPP បានឲ្យដឹងថា ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក ពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ជនស៊ីវិល ជាង ១ ៤០០នាក់ និង ជាង ១០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅក្នុងការបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើអ្នកប្រឆាំងនឹងរដ្ឋប្រហារ។

សកម្មភាពដ៏ឃោរឃៅរបស់ពួកយោធា បាន និង កំពុងតែជំរុញឲ្យមានចលនាបះបោរប្រដាប់អាវុធ ពីជនស៊ីវិល នៅទូទាំងប្រទេស ងើបឡើង ប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា។ កម្លាំងការពារប្រជាជន និង ចលនាតស៊ូប្រដាប់អាវុធរបស់ជនជាតិភាគតិច តែងតែពើបវាយប្រយុទ្ធគ្នាជាមួយនឹងកងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ស្ទើររាល់ថ្ងៃ។ ករណីនេះ ក៏កំពុងតែ បង្កឲ្យមានអ្នកស្លាប់ និង រត់ភៀសខ្លួន គេចពីសង្រ្គាមស៊ីវិល កាន់តែច្រើនឡើង៕