រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ ក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា កំពុងតែដាក់ផែនការ វាយប្រហារទៅលើគូប្រជែង នៅក្នុងប្រទេសអាស៊ានមួយនេះ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា បើតាមបណ្ដាញទូរទស្សន៍ Wa គ្រប់គ្រងដោយ UWSA បានប្រកាសថា កងទ័ពឯកភាពរដ្ឋ Wa ហៅកាត់ UWSA ជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងទីក្រុង Khaing Lone ស្ថិតនៅភាគខាងត្បូង រដ្ឋសាន (Shan) ប្រទេសមីយ៉ាន់ម៉ា។ ការដាក់ពង្រាយកងទ័ពនេះ បានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាម លេចឮពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ថា UWSA កំពុងរៀបចំ សម្រាប់ការវាយប្រហារ ដែលអាចនឹងកើតឡើង ដោយសារក្រុមប្រដាប់អាវុធជនជាតិភាគតិចជាគូប្រជែង គឺក្រុមប្រឹក្សាស្ដាររដ្ឋសាន (RCSS) មានទីស្នាក់ការកណ្តាល នៅ Loi Tai Leng នៅជាប់នឹង Khaing Lone ។

ទាហាន UWSA រាប់រយនាក់ រួមមាន អង្គភាពបញ្ជាការវរជន រួមទាំងកាំភ្លើងធំ ត្រូវបានដាក់ពង្រាយ នៅទីក្រុង Khaing Lone ដែលជាផ្នែកមួយ នៃទឹកដីតំបន់យោធា UWSA លេខ១៧១។ ទោះជាយ៉ាងណា គេមានសេចក្ដីរាយការណ៍ ថា UWSA នឹងមិនបើកការវាយលុកនោះទេ ប៉ុន្តែពួកគេនឹងវាយរុញច្រានទៅវិញ ចំពោះការលុកលុយណាមួយ ចូលមកក្នុងតំបន់យោធា១៧១។

ដោយឡែក ក្រុមប្រឹក្សាស្ដាររដ្ឋសាន (RCSS) បានចោទប្រកាន់ ថា UWSA កំពុងតែជួយគូប្រជែងរបស់ខ្លួន គឺគណបក្សវឌ្ឍនភាពរដ្ឋសាន ដែលជាបក្សនយោបាយ នៃកងទ័ពរដ្ឋសានខាងជើង (SSA-N)។ ទាំង SSPP, SSA-N និង RCSS ហើយក្រុមប្រដាប់អាវុធរបស់ពួកគេ ជាកងទ័ព នៅខាងត្បូងរដ្ឋ Shan (SSA-S) ត្រូវបានបង្កើតឡើង ដើម្បីស្វែងរកស្វ័យភាព សម្រាប់រដ្ឋ Shan ។ RCSS មានសកម្មភាព នៅភាគខាងត្បូង រដ្ឋសាន ខណៈ SSPP មានមូលដ្ឋាន នៅភាគខាងជើង រដ្ឋសាន។

ទោះយ៉ាងណា កងកម្លាំង SSA-S តែងតែប្រតិបត្តិការ នៅភាគខាងជើង រដ្ឋ Shan ហើយក៏តែងតែមានការប្រយុទ្ធគ្នាជាមួយកងកម្លាំង SSA-N អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជុំវិញរឿងជម្លោះទឹកដី។ ចំណែកកងទ័ពរំដោះជាតិតាអាង (TNLA) ក៏កំពុងតែប្រយុទ្ធគ្នាជាមួយនឹងកម្លាំង SSPP និង SSA-N ផងដែរ។.

កងកម្លាំង RCSS ត្រូវបានគេរាយការណ៍ ពីការបញ្ជូនលិខិតមួយច្បាប់ ទៅកាន់កងកម្លាំង UWSA កាលពីពេលថ្មីនេះ ដោយបានព្រមាន ថា ខ្លួននឹងវាយប្រហារទៅលើតំបន់យោធាលេខ១៧១របស់ក្រុមប្រដាប់អាវុធនេះ ប្រសិនបើពួកគេ នៅតែបន្ដគាំទ្រដល់កងកម្លាំង SSPP និង SSA-N ហើយកងកម្លាំង TNLA ។

លោក ខាំ សាន លេខាធិការទី២ នៃ RCSS បានបញ្ជាក់ថា គ្មានភាពតានតឹងផ្នែកយោធាណាមួយ រវាងភាគីទាំងនេះ នៅលើទឹកដីរបស់ពួកគេនោះឡើយ។ គាត់ក៏មិនបានដឹងការពិត អំពីលិខិតនោះដែរ។ ប៉ុន្ដែដូចអ្នកបានដឹងមកហើយថា មានការផ្ដល់ព័ត៌មានមិនពិត នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលអះអាង ពីការប៉ះទង្គិចគ្នា នៅទីនេះ និងទីនោះ ទើបធ្វើឲ្យមានការយល់ច្រឡំ។

ទោះជាយ៉ាងណា លោក ខាំ សាន បានបដិសេធ ចំពោះព័ត៌មានក្នុងស្រុក ដែលបានរាយការណ៍ ថា RCSS និង របបយោធា បានចរចាគ្នា នៅក្នុងប្រទេសថៃ ទើបក្រុមប្រដាប់អាវុធជនជាតិភាគតិចនេះ បានយល់ព្រមឲ្យមានការដឹកជញ្ជូនប្រេងឥន្ធនៈ សម្រាប់របបយោធា៕