រាជធានីភ្នំពេញ ៖ យុវជន២នាក់ ជាកូនសិស្សលោកវត្តកោះ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោស ដែលធ្វើសកម្មភាព កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ទឹកក្រោយកុដិលេខ២ នៅក្នុងវត្តកោះ ផ្លូវមុន្នីវង្ស កែងផ្លូវ១៧៨ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
នារីរងគ្រោះ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានលំនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ ជនសង្ស័យទី១-ឈ្មោះ គា សីហា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដិលេខ២ មុខរបរសិស្សលោក និងទី២-ឈ្មោះ ប៉ាត គឹមអ៊ី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដិលេខ២៤ មុខរបរ សិស្សលោក។សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៧ និង០០នាទី នារីរងគ្រោះបានមកលេងមុខកុដិលេខ២ រហូតដល់ម៉ោង ១៨ និង០០នាទី។ ពេលនោះជនសង្ស័យឈ្មោះ គា សីហា បានប្រាប់នារីរងគ្រោះថា កុំដាក់រូបខ្លួនក្នុងទូរស័ព្ទអី តែនារីរងគ្រោះបានប្រាប់ថា នាងស្រលាញ់ជនសង្ស័យសីហា លុះជនសង្ស័យសីហា ដើរចូលបន្ទប់ទឹក នារីរងគ្រោះបានដើរតាមក្រោយ ។ ចំណែកជនសង្ស័យឈ្មោះ ប៉ាត គឹមអ៊ី ពេលនារីរងគ្រោះដើរចូលបន្ទប់ទឹក ក៏ដើរចូលតាមដែរ ហើយបានចាប់ឪបថើបនារីរងគ្រោះតែត្រូវនារីរងគ្រោះរើបម្រះ រួចប្រាប់ជនសង្ស័យ ប៉ាត គឹមអ៊ី ថា នាងស្រលាញ់តែជនសង្ស័យសីហា ប៉ុណ្ណោះ។
ប្រភពបន្តថា ពេលនោះជនសង្ស័យឈ្មោះសីហា បានដើរទៅទិញស្រោមអនាម័យ ។ លុះពេលត្រឡប់មកវិញ ក៏បានធ្វើសកម្មភាពរំលោភនារីរងគ្រោះ ដោយជនសង្យ័យឈ្មោះ ប៉ាត គឹមអ៊ី ឈរមើល។ ពេលជនសង្ស័យឈ្មោះ សីហា រំលោភបានសម្រេច ហើយដើរចេញ ជនសង្ស័យឈ្មោះ ប៉ាត គឹមអ៊ី បាននារីរងគ្រោះរំលោភបន្ត តែពុំបានសម្រេច ព្រោះនារីរងគ្រោះរើបម្រះ រត់ចេញទៅផ្ទះបាត់ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២ ទើបជនរងគ្រោះនិងម្តាយមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងរាំង ដើម្បីជួយអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចនារីរងគោះចោទប្រកាន់មែន។ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕