បរទេស៖ ស្របពេលស្ថានការណ៍ កាន់តែតានតឹងខ្លាំងឡើង រវាងរុស្ស៊ី និង អ៊ុយក្រែន នោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO កំពុងតែបញ្ជូនកងទ័ព នាវាចម្បាំង និង យន្ដហោះប្រយុទ្ធ ទៅកាន់តំបន់អឺរ៉ុបខាងកើត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងសង្រ្គាម បង្កឡើង ដោយរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និង អង់គ្លេស បានជំរុញឲ្យគ្រួសារមន្រ្ដីទូត និង ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញជាបន្ទាន់ ពីប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀតមួយនេះ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា អង្គការណាតូ ឬ អូតង់ (អានតាមភាសាបារាំង) បានបញ្ជាក់ថា ណាតូកំពុងតែដាក់កម្លាំងប្រចាំការ និងពង្រឹងនាវាចម្បាំង ហើយយន្តហោះចម្បាំងបន្ថែមទៀត ទៅកាន់តំបន់អឺរ៉ុបខាងកើត។ ក្រៅពីនេះ ណាតូ ក៏អាចបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ភាគអាគ្នេយ៍ នៃទ្វីបអឺរ៉ុប ផងដែរ នៅក្នុងអ្វីដែលរុស្ស៊ីបានបរិហារថា នេះជាការកើនឡើង នៃភាពតានតឹងមកលើប្រទេសអ៊ុយក្រែន។

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ នៃអង្គការណាតូ បានថ្លែង កាលពីថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ថា អង្គការណាតូនឹងចាត់វិធានការចាំបាច់ទាំងអស់ ដោយស្វាគមន៍ ចំពោះការដាក់ពង្រាយកម្លាំងទ័ព និងគ្រឿងសឹក ដែលត្រូវបានប្រកាសឡើង ដោយរដ្ឋជាសមាជិក កាលពីពេលថ្មីៗនេះ។ សកម្មភាពទាំងនេះ ជាសញ្ញាមួយបន្ថែមទៀតថា លោកខាងលិច កំពុងតែត្រៀមលក្ខណៈ ទប់ទល់នឹងរុស្ស៊ី វាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន បន្ទាប់ពីទីក្រុងមូស្គូបានបង្កើនកម្លាំងទ័ព ប្រមាណជា ១00 000 នាក់ ចូលទៅដល់តំបន់ខាងកើត នៃព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

ប្រធានអង្គការណាតូ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «យើងនឹងឆ្លើយតបជានិច្ច ចំពោះការបង្កឲ្យមានបរិយាកាសសន្តិសុខរបស់យើងធ្លាក់ចុះ រួមទាំង តាមរយៈការពង្រឹងការការពាររួមរបស់យើងបន្ថែមទៀត» ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ណាតូ បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ចំនួន ៤ ០០០នាក់ នៅក្នុងកងវរសេនាតូចចម្រុះ នៅក្នុងប្រទេសអេស្ដូនី លីទុយអានី (Lithuania) ឡាតវី (Latvia) និង ប៉ូឡូញ។ កងទ័ពរបស់ណាតូទាំងនោះ បានគាំទ្រ ដោយកងរថក្រោះ ប្រព័ន្ធការពារដែនអាកាស ហើយកងស៊ើបការណ៍សម្ងាត់ និងឃ្លាំមើល។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា ក្រុងវ៉ាស៊ីនតោន បានដាក់ទាហាន រហូតដល់ ៨ ៥00 នាក់ ឲ្យស្ថិតក្នុងការប្រុងជើងការ សម្រាប់ត្រៀមខ្លួន ដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប។ សកម្មភាពនេះ អាចនឹងជូនដំណឹងភ្លាមៗ ប្រសិនបើសម្ពន្ធមិត្តណាតូ ធ្វើសកម្មភាពដោយកម្លាំងយោធា ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការឈ្លានពានរបស់រុស្ស៊ី៕