រាជធានីរីយ៉ាដ (Riyadh)៖ ក្រុមឧទ្ទាមហ៊ូធី (Houthi) បានបាញ់មីស៊ីលបាល្លីស្ទិក (Ballistic Missle) សំដៅទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និង អារ៉ាប់អេមីរ៉េត (UEA) តែត្រូវបានប្រព័ន្ធការពារមីស៊ីល នៃប្រទេសទាំង២នេះ ស្ទាក់បាញ់ទម្លាក់ប្រកបដោយជោគជ័យ។

សារព័ត៌មាន Arab News បានចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា បណ្ដាប្រទេស និង អង្គការជាច្រើន បានថ្កោលទោសដល់ការវាយប្រហាររបស់ពួកភេរវករ បង្កឡើង ដោយពួកឧទ្ទាម Houthi តម្រង់គោលដៅទៅកាន់ប្រទេសអារ៉ាប់អេមីរ៉េត (ហៅកាត់ UAE) និង អារ៉ាប៊ីសាអូឌីត។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM របស់អារ៉ាប់អេមីរេត បានចេញផ្សាយ ថា ក្រសួងការពារជាតិ UAE បានបញ្ជាក់ ថា កងទ័ពរបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីល ចំនួន២គ្រាប់របស់ពួកហ៊ូធី ដែលបាញ់តម្រង់គោលដៅមកលើប្រទេសរបស់ខ្លួន កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។ ភ្លាម២នោះដែរ យន្ដហោះ F-16 បានបំផ្លាញកាំជ្រួចមីស៊ីលផ្លោង នៅតំបន់ Al-Jawf ប្រទេសយេមែន បន្ទាប់ពីពួកហ៊ូធី បានវាយប្រហារមកលើទឹកដីរបស់ខ្លួន។

ប្រទេសបារ៉ែន បានបញ្ជាក់ថា ខ្លួនបានថ្កោលទោស ចំពោះការវាយប្រហាររបស់ក្រុម Houthi ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត និង UAE ដែលបានកំណត់គោលដៅទៅលើពលរដ្ឋ។ ស្រដៀងគ្នានេះដែរ ប្រទេសគុយវ៉ែត ក៏បានថ្កោលទោស ចំពោះការវាយប្រហារនេះ និង បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ជំហរអន្ដរជាតិ ប្រឆាំងនឹងក្រុមឧទ្ទាមនេះ។

ដោយឡែក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មានអ្នកស្រុកពីរនាក់ បានរងរបួសស្រាល បន្ទាប់ពីក្រុម Houthi បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ធ្លាក់នៅក្នុងតំបន់ឧស្សាហកម្ម Ahad Al-Masarihah ទីក្រុង Jazan កាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានបញ្ជាក់ ថា ក្រុមហ៊ូធី នៅតែបន្ដវាយប្រហារ ហើយករណីនេះបានឆ្លុះបញ្ចាំង ពីការបដិសេធរបស់កងជីវពល ចំពោះកិច្ចខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព ពីគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសយេមែន៕