រដ្ឋធានីហាណូយ៖ វៀតណាម ជាប្រទេសមួយ មានការជួញដូរសាច់សុនខ ឬឆ្កែ និង ឆ្មាច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីចិន ហើយសត្វដ៏គួរឲ្យស្រឡាញ់ទាំងប្រភេទនេះ ប្រហែល៦លានក្បាល ត្រូវបានគេសម្លាប់ជារៀងរាល់ឆ្នាំ ដើម្បីយកមកធ្វើម្ហូបអាហារ ប៉ុន្ដែរហូតមកដល់ពេលនេះ មានការសិក្សាថ្មីមួយ បានរកឃើញថា ពលរដ្ឋវៀតណាម ប្រហែល៩៥ភាគរយ គិតថា ការទទួលទានសាច់ឆ្កែ និង ឆ្មា មិនមែន ជាវប្បធម៌ជាតិសាសន៍របស់ខ្លួនឡើយ។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា Four Paws ជាអង្គការសុខុមាលភាពសត្វរបស់ពិភពលោក មានមូលដ្ឋាន នៅទីក្រុងវៀនណា (Vienna) ប្រទេសអូទ្រីស កាលពីពេលថ្មីៗនេះវ បានសិក្សា ទៅលើពលរដ្ឋវៀតណាម ដែលជួប ដោយចៃដន្យ មានអាយុ ភេទ និងស្ថានភាពបុគ្គលខុសៗគ្នា នៅរដ្ឋធានីហាណូយ ទីក្រុងដាណាង និង ទីក្រុងហូជីមិញ ពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា នៅក្នុងប្រទេសវៀតណាម។ លទ្ធផល រកឃើញថា ពលរដ្ឋវៀតណាម រហូតដល់៩៥ភាគរយ គិតថា ការទទួលទានសាច់ឆ្កែ និង ឆ្មា មិនមែនជាវប្បធម៌របស់វៀតណាម នោះឡើយ។ ដូច្នេះពួកគេចង់ឲ្យចាត់វិធានការ ប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា។ ចំណែក ពលរដ្ឋវៀតណាម ជាង៨៨ភាគរយ គាំទ្រដល់បម្រាមលើការជួញដូរសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់ទាំង២ប្រភេទនេះបន្ថែមទៀត។

បច្ចុប្បន្ន ប្រជាជនវៀតណាម ជាពិសេស ក្មេងៗជំនាន់ក្រោយ មិនគាំទ្រដល់ការទទួលទានសាច់សុនខ និង ឆ្មានោះឡើយ។ ចំណែកចំនួនប្រជាជនកាន់តែច្រើន ចិញ្ចឹមសត្វឆ្កែ និង ឆ្មា ដោយចាត់ទុកពួកវា ជាសមាជិកគ្រួសាររបស់ពួកគេ មិនអាចខ្វះបានឡើយ។ ម្ចាស់សត្វចិញ្ចឹមក្នុងប្រទេសវៀតណាម ក៏តែងតែខូចចិត្ត នៅពេលសត្វឆ្កែ និងឆ្មារបស់ពួកគេ ត្រូវបានចោរលួច យកសម្លាប់យ៉ាងព្រៃផ្សៃ នៅកន្លែងសត្តឃាត។

បើតាមអង្គការ Four Paws បានប៉ាន់ប្រមាណ ថា សុនខ ឬ ឆ្កែ ប្រហែល៥លានក្បាល និង ឆ្មា ចំនួន១លានក្បាល ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីយកមកធ្វើជាម្ហូបអាហារ នៅក្នុងប្រទេសវៀតណាម។ ចំណែកការជួញដូរសាច់ឆ្កែ និង ឆ្មា នៅក្នុងតំបន់អាស៊ាន ក្លាយជារឿងធម្មតាទៅហើយ ជាពិសេស នៅក្នុងប្រទេសវៀតណាម។ ករណីនេះ មិនត្រឹមតែបង្ហាញ ពីភាពឃោរឃៅ ចំពោះសត្វប៉ុណ្ណោះទេ ប៉ុន្ដែវាកំពុងតែបង្កនូវការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពសាធារណៈថែមទៀតផង ជាពិសេស ជំងឺឆ្កែឆ្កួត និងការកើតជំងឺផ្សេងៗទៀត៕