ប្រទេសចិន៖ ចិនបានជីករកឃើញនូវរូបសំណាកទាហានដីឥដ្ឋបុរាណជាច្រើនដែលកប់នៅក្នុងរណ្ដៅមួយនៃសារមន្ទីផ្នូររបស់អធិរាជមួយក្នុងខេត្ត Shaanxi ភាគពាយព្យនៃប្រទេសចិន។

កាលពីថ្ងៃទី ២៣ ខែមករា ឆ្មាំ២០២២ សារព័ត៌មាន Xinhua បានរាយការណ៍ថាក្រុមបុរាណវិទូនៃប្រទេសចិនបានរកឃើញនូវ រូបសំណាកទាហានដីឥដ្ឋចំនួន២៥ រូបបន្ថែមទៀតបន្ទាប់ពីកន្លងមកក៏ធ្លាប់បានរកឃើញនូវរូបសំណាកជាច្រើននៅក្នុងរណ្តៅមួយនៃសារមន្ទីរ ដែលជាផ្ទះកងទ័ពដីឥដ្ឋរបស់ផ្នូរអធិរាជ Qin Shi Huang ក្នុងខេត្ត Shaanxi ភាគពាយព្យនៃប្រទេសចិន កន្លងមក។ ក្នុងនោះរូបសំណាកទាំងអស់ដែលបានគេរកឃើញនៅក្នុងរណ្តៅនោះមានសភាពនៅទម្រង់រូបរាងស្អាតល្អ និងមិនមានការខូចខាតនោះទេ ដោយរូបសំណាកភាគច្រើនត្រូវបានគេជីករកឃើញនៅពីក្រោយសំណល់រទេះមួយ ហើយរូបទាំងអស់ភាគច្រើន គឺជារូបសំណាកនៃទាហាន ប៉ុន្តែរូបមួយក្នុងចំណោមនោះ ជារូបសំណាកទាហានថ្នាក់កណ្តាលនិងជាមនុស្សសំខាន់ជាន់ខ្ពស់ម្នាក់។ គួរបញ្ជាក់ផងដែរថាកងទ័ព ទាំងនេះត្រូវបានបង្កើតឡើងដោយអធិរាជ Qin Shi Huang នៃរាជវង្ស Qin ឆ្នាំ២២១-២០៧ មុនគ.ស ដែលជានិមិត្តសញ្ញានៃការបង្រួបបង្រួមប្រទេសចិនជាលើកដំបូង។

យ៉ាងណាមិញរណ្តៅនេះគឺជាផ្នូរដ៏ធំបំផុត ដែលគ្របដណ្តប់លើផ្ទៃដី ១៤,២៦០ ម៉ែត្រការ៉េ និងត្រូវបានគេប៉ាន់ស្មានថា រណ្តៅមួយនេះអាចផ្ទុករូបសំណាកទាហាន និងសេះដីឥដ្ឋជាង ៦,០០០ ប្រសិនបើការជីកកកាយពេញលេញត្រូវបានបញ្ចប់៕ ប្រភព៖ Khaosod