រដ្ឋធានីប៊្រុចសែល៖ ប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាចេញមកតាមដងផ្លូវ ប្រឆាំងនឹងវិធានការទប់ទល់ជំងឺ COVID-19 ខណៈរលកថ្មីបង្កឡើងដោយ វីរុស Omicron កំពុងតែរាតត្បាត នៅក្នុងប្រទេសប៊ែលហ្ស៊ិក ក៏ដូចជា នៅទូទាំងពិភពលោក។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ថា ក្រុមបាតុករ រាប់ពាន់នាក់ បានប្រមូលគ្នា នៅតាមដងផ្លូវនានា នៅក្នុងទីក្រុងប៊្រុចសែល ដើម្បីតវ៉ាប្រឆាំងនឹងវិធានការទប់ស្កាត់រលកកូវីដ-១៩បំប្លែងខ្លួនអូមីក្រុង។

មហាបាតុកម្មនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ហើយក្រុមអ្នកអ្នកតវ៉ា ក៏បានដង្ហែក្បួន ចេញពីពីកណ្តាលទីក្រុងប៊្រុចសែល ឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាល នៃសហភាពអឺរ៉ុប ហៅកាត់ EU ។ មហាបាតុកម្មនេះ បានបង្កឲ្យមានការប៉ះទង្គិចគ្នា ដោយហិង្សា រវាងប៉ូលិស និង ក្រុមបាតុករ ផងដែរ។ ទោះជាយ៉ាងណា គេមិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នករងរបួស នៅក្នុងការប៉ះទង្គិចគ្នានោះឡើយ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា ប្រទេសប៊ែលហ្ស៊ិក មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ជាង២,៦៩លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ២៨ ៧៨០នាក់ និង មានអ្នកជាសះស្បើយ ជាង២លាននាក់៕